យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយ អង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបង្ហាញខ្លួនឯងបើកចំហក្នុងការពិភាក្សាអំពីការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលមួយចំនួន នៅក្នុងសង្គ្រាមហ្កាហ្សា។

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអេហ្ស៊ីបថា ក្រុមហាម៉ាស បានប្រាប់អ្នកសម្របសម្រួលថា ខ្លួនត្រៀមចរចាអំពីការដោះលែងជនស៊ីវិលស្ត្រី និងកុមារជាថ្នូរនឹងបទឈប់បាញ់ «ដ៏សំខាន់» ។
ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរ ១០៥នាក់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកាឆ្នាំមុន។ ជាថ្នូរនឹងគ្នានោះ អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០នាក់ ចេញពីពន្ធនាគាររបស់ខ្លួន។

ក្រុមហាម៉ាស ធ្លាប់បានភ្ជាប់ការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដើម្បីបញ្ចប់សង្រ្គាម។ យោងតាមប្រភពរដ្ឋាភិបាលអ៊ីស្រាអែល ក្រុមហាម៉ាស នៅតែឃុំខ្លួនមនុស្សប្រហែល ១៣០នាក់ ដែលពួកគេចាប់ពង្រត់ពីអ៊ីស្រាអែល ទៅកាន់តំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា។
ងតាមសារព័ត៌មាន Wall Street Journal អ្នកទាំងនោះរួមមានទាហានស្រីអ៊ីស្រាអែល។ រដ្ឋាភិបាលអ៊ីស្រាអែលសន្មតថា ចំណាប់ ១០៥ នាក់ នៅរស់រានមានជីវិត ហើយពួកគេជាច្រើននាក់ ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស។