កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡា ដែលជាតំបន់ស្មុគស្មាញ មានក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នា ធ្វើឱ្យប្រជាពលរដ្ឋដែលនៅតំបន់នោះមានការភ័យព្រួយ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះធ្វើរដ្ឋបាល ជាប្រចាំសប្ដាហ៍។

មនុស្សប្រុសស្រីចំនួន ៤៥ នាក់ ដែលមានការសង្ស័យត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡា ឃាត់ខ្លួនយកមកធ្វើតេសទឹកនោម រកសារធាតុញៀន ក្នុងករណីមានសារធាតុញៀននោះកម្លាំងនគរបាលបានធ្វើនីតិវិធីបញ្ជូនទៅមណ្ឌលអប់រំកែប្រែ។ ចំពោះអ្នកដែលមិនមានសារធាតុញៀន កម្លាំងនគរបាលនឹងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

លោក ណុប ផា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧ មករាបានដឹកនាំចុះផ្ទាល់នៅការចុះធ្វើរដ្ឋបាលនេះ លោកបានឲ្យដឹងថាការចុះធ្វើរដ្ឋបាលគឺក្នុងមួយសប្តាហ៍កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌធ្វើ ២ដង នៅតំបន់ស្មុគស្មាញ មូលដ្ឋានខណ្ឌ ៧មករាទាំងមូល ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសទាំងឡាយ កើតមានឡើង និងដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោកអភិបាលរងបានបន្ថែមថាកន្លងមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះធ្វើរដ្ឋបាលក៏បានកំណត់មុខសញ្ញាដែលមុខសញ្ញាឆក់ប្លន់សកម្មផងដែរត្រូវបានកម្លាំងជំនាញកសាងដុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ជាចុងក្រោយអាជ្ញាធរបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយនឹងអាជ្ញាធរ ដើម្បីរាយការណ៍នៅជនណា ដែលមានការសង្ស័យ អាចបង្កហានិភ័យ ឬក៏រាល់បទល្មើសទាំងឡាយណាដើម្បីឲ្យអាជ្ញាធរអាចជួយអន្តរាគមន៍ទាន់ពេលវេលា៕ អត្ថបទ៖ កុម្ភៈ




