សហរដ្ឋអាមេរិក បានស្នើឱ្យប្រទេសចិន ជំរុញឱ្យទីក្រុងតេអេរ៉ង់ ទប់ស្កាត់ក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងដែលបានវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ប៉ុន្តែគេឃើញមានសញ្ញាតិចតួចប៉ុណ្ណោះនៃការជួយពីទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃពុធ (២៤ មករា) ដោយដកស្រង់សម្តីក្រុមមន្ត្រីសហរដ្ឋអាមេរិក។

របាយការណ៍នោះបាននិយាយថា សហរដ្ឋអាមេរិកបានលើកបញ្ហានេះម្តងហើយម្តងទៀតជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិនក្នុងរយៈពេលបីខែកន្លងមកនេះ។

របាយការណ៍ដដែលនោះបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ក៏បានលើកឡើងពីបញ្ហានេះជាមួយសមភាគីចិនរបស់លោកផងដែរ ដោយបន្ថែមថា ក្រុមមន្ត្រីអាមេរិកជឿថា មានភស្តុតាងតិចតួចណាស់ដែលថាចិនបានដាក់សម្ពាធណាមួយលើអ៊ីរ៉ង់ដើម្បីទប់ស្កាត់ក្រុមហ៊ូទី លើសពីសេចក្តីថ្លែងការណ៍យកគួរមួយដែលទីក្រុងប៉េកាំង បានចេញកាលពីសប្តាហ៍មុន។

ការវាយប្រហាររបស់ក្រុមហ៊ូទី បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កការភ័យខ្លាចចំពោះអតិផរណាពិភពលោក។ ការវាយប្រហារទាំងនោះក៏បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដែរថា ការរាលដាលនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចធ្វើឲ្យមជ្ឈិមបូព៌ាមានអស្ថិរភាព៕