
ខ្សែវីដេអូដ៏កម្រដែលសារព័ត៌មាន BBC កូរ៉េទទួលបាន បង្ហាញពីកូរ៉េខាងជើង បានកាត់ទោសក្មេងប្រុសជំទង់ពីរនាក់ជាសាធារណៈឱ្យធ្វើការធ្ងន់រយៈពេល ១២ឆ្នាំដោយសារការលួចមើលរឿងភាគកូរ៉េខាងត្បូង។
វីដេអូដែលហាក់ដូចជាត្រូវបានថតនៅឆ្នាំ២០២២ នោះបង្ហាញក្មេងប្រុសអាយុ ១៦ឆ្នាំពីរនាក់ មានជាប់ខ្នោះដៃឈរនៅចំពោះមុខសិស្សរាប់រយនាក់នៅឯកីឡដ្ឋានខាងក្រៅមួយ។
វីដេអូនោះក៏បង្ហាញផងដែរនូវក្រុមមន្រ្តីឯកសណ្ឋានបានស្តីបន្ទោសក្មេងប្រុសនោះចំពោះការមិន «ឆ្លុះបញ្ចាំងឱ្យស៊ីជម្រៅលើកំហុសរបស់ពួកគេ»។ សកម្មភាពកម្សាន្តរបស់កូរ៉េខាងត្បូង រួមទាំងភាពយន្តទូរទស្សន៍ ត្រូវបានហាមឃាត់នៅកូរ៉េខាងជើង។ ទោះបីជាបែបនោះក៏ដោយ មនុស្សមួយចំនួននៅតែប្រថុយនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដើម្បីលួចមើលរឿងភាគកូរ៉េខាងត្បូង ដែលមានទស្សនិកជនគាំទ្រទូទាំងពិភពលោកយ៉ាងច្រើន។
វីដេអូកាត់ទោសបែបនេះកម្រមានណាស់ ពីព្រោះកូរ៉េខាងជើងហាមមិនអោយមានរូបថត វីដេអូ និងភស្តុតាងផ្សេងទៀតនៃជីវិតមនុស្សនៅក្នុងប្រទេសនេះ មានការបែកធ្លាយដល់ពិភពខាងក្រៅនោះទេ។
កាលពីមុន អនីតិជនដែលបានប្រព្រឹត្តល្មើសនឹងច្បាប់បែបនេះ នឹងត្រូវបញ្ជូនទៅជំរំយុវជន ជាជាងដាក់ឃុំខ្លួន ហើយការផ្តន្ទាទោសជាធម្មតាតិចជាងប្រាំឆ្នាំប៉ុណ្ណោះ៕