ប្រណាំងកង់៖ កីឡាករហូឡង់ Mathieu van der Poel បានប្រជែងឈ្នះការប្រកួតប្រណាំងកង់ Grand Tour, Tour de France ដំណាក់កាលទី២ ថ្ងៃអាទិត្យម្សិលមិញនេះ។ នេះជាព្រឹត្តិការណ៍ប្រណាំងកង់ Tour de France លើកទី១០៨ ដែលត្រូវបានរៀបចំឡើង ខណៈអ្នកការពារតំណែងជើងឯកគឺកីឡាករស្លូវេនី Tadej Pogacar។
ការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ដែលជាដំណាក់កាលទី១ ចេញពីទីក្រុង Brest ខណៈអ្នកឈ្នះគឺកីឡាករម្ចាស់ផ្ទះបារាំង Julian Alaphilippe។ ដោយឡែកថ្ងៃអាទិត្យម្សិលមិញជាការប្រកួតដំណាក់កាលទី២ លើចម្ងាយផ្លូវ ១៨៣.៥គីឡូម៉ែត្រ កីឡាករហូឡង់របស់ក្រុម Alpecin-Fenix, Mathieu van de Poel គឺជាអ្នកមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ១៨នាទី ៣០វិនាទី តាមពីក្រោយអ្នកការពារតំណែងជើងឯក Tadej Pogacar យឺតជាង ៦វិនាទី និងលេខ៣ កីឡាករស្លូវេនី Primoz Roglic។
ក្រោយជ័យជំនះដំណាក់កាលទី២ នេះផងដែរកីឡាករ Mathieu van der Poel ក៏បានឡើងមកនាំមុខគេក្នុងតារាងរួមផងដែរ មានវេលាចំណេញ ៨វិនាទីលើអ្នកលេខ២ កីឡាករម្ចាស់ផ្ទះបារាំង Julian Alaphilippe និងលេខ៣ កីឡាកររបស់ក្រុម UAE Team Emirate, Tadej Pogacar។ ដោយឡែកសំរាប់ដំណាក់កាលទី៣ ថ្ងៃនេះមានចម្ងាយផ្លូវ ១៨២.៩គីឡូម៉ែត្រលើស្ថានភាពផ្លូវរាបស្មើធម្មតា៕
អត្ថបទ៖នាង សុភាវុធ