
នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ីកទ័រ អ័របាន (Viktor Orban) បានប្រាប់អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលធិនប៊ឺក (Jens Stoltenberg) នៅក្នុងការហៅទូរស័ព្ទមួយថារដ្ឋាភិបាលហុងគ្រី គាំទ្រសមាជិកភាពរបស់ស៊ុយអែត នៃសម្ព័ន្ធយោធាណាតូ នេះបើយោងតាមលោក អ័របាន បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធ (២៤ មករា)។
លោកនាយករដ្ឋមន្ត្រីហុងគ្រីរូបនេះបាននិយាយនៅក្នុងការបង្ហោះនោះថា៖ «ខ្ញុំបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលហុងគ្រីគាំទ្រដល់ការចូលជាសមាជិករបស់អង្គការណាតូ របស់ស៊ុយអែត»។
លោក អ័របាន ក៏បានប្រាប់លោក ស្តុលធិនប៊ឺក ផងដែរថា លោកនឹងបន្តជំរុញឱ្យសភាជាតិហុងគ្រី បោះឆ្នោតគាំទ្រការចូលជាសមាជិកណាតូ របស់ប្រទេសស៊ុយអែត និងបញ្ចប់ការផ្តល់សច្ចាប័នឲ្យលឿនដែលអាចធ្វើទៅបាន។
លោក ស្តុលធិនប៊ឺក បាននិយាយបន្ទាប់ពីការហៅទូរស័ព្ទនេះថា លោកនាយករដ្ឋមន្រ្តី អ័របាន និងរដ្ឋាភិបាលរបស់លោកបានគាំទ្រយ៉ាងច្បាស់ដល់សមាជិកភាពអង្គការណាតូ របស់ប្រទេសស៊ុយអែត។
សភារបស់ប្រទេសទួរគី បានអនុម័តសមាជិកភាពរបស់ប្រទេសស៊ុយអែត ក្នុងសម្ព័ន្ធមិត្តយោធាលោកខាងលិចមួយនេះកាលពីថ្ងៃអង្គារ ដោយទុកឲ្យប្រទេសហុងគ្រីជាសមាជិកណាតូតែមួយគត់ដែលមិនទាន់បានផ្តល់សច្ចាប័នលើការចូលជាសមាជិកនេះ៕