
គណៈកម្មាការព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃពុធ (២៤ មករា) បានអនុម័តច្បាប់ដែលនឹងជួយរៀបចំដំណាក់កាលសម្រាប់សហរដ្ឋអាមេរិកក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ហើយប្រគល់ទ្រព្យទាំងនោះទៅឱ្យអ៊ុយក្រែន សម្រាប់ការកសាងឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមរយៈពេលជិតពីរឆ្នាំ។
គណៈកម្មាការទំនាក់ទំនងបរទេសព្រឹទ្ធសភានេះបានបោះឆ្នោតគាំទ្រ ២០សំឡេងទល់នឹងការប្រឆាំង ១សំឡេងលើ «ការកសាងឡើងវិញនូវវិបុលភាពសេដ្ឋកិច្ច និងឱកាស (REPO) សម្រាប់ច្បាប់ស្ដីពីអ៊ុយក្រែន»។
ប្រសិនបើច្បាប់នេះត្រូវបានអនុម័តនៅព្រឹទ្ធសភាពេញអង្គ និងសភាតំណាងរាស្រ្ដ ហើយត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដូចដែលបានរំពឹងទុកនោះ ច្បាប់នេះនឹងត្រួសត្រាយផ្លូវសម្រាប់ការរឹបអូសទ្រព្យសម្បត្តិធនាគារកណ្តាលជាលើកដំបូងរបស់ទីក្រុងវ៉ាស៊ីនតោន ពីប្រទេសដែលខ្លួនមិនមានសង្គ្រាមជាមួយ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអង់គ្លេស បាននឹងកំពុងធ្វើការដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ហើយសង្ឃឹមថាបណ្ដាមេដឹកនាំក្រុមប្រទេសទាំងប្រាំពីរនឹងចេញសេចក្តីថ្លែងការណ៍ដ៏រឹងមាំមួយនៅពេលពួកគេជួបគ្នានៅចុងខែកុម្ភៈ ជុំវិញខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕