ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងនានារបស់ក្រសួងកសិកម្ម ដើម្បីជួយឱ្យកសិករទទួលបានផលចំនេញ និងប្រសិទ្ធភាពសេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីជំនាញឱ្យសិក្សា និងក្តាប់ការងារឱ្យបានច្បាស់លាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ លើសពីនេះ គ្រប់អគ្គជំនាញពាក់ព័ន្ធ ត្រូវអនុវត្តការងារកសិកម្មឱ្យដល់មូលដ្ឋាន ដោយត្រូវសហការតាមដាននូវតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យ និងអនុវត្តប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម ធ្វើយ៉ាងណាក្ដាប់ឱ្យបាននូវតម្លៃទីផ្សារច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងបញ្ចូនទិន្នន័យទៅតាមស្ថានភាពឡើងចុះ នៃទីផ្សារជាក់ស្តែង៕ ដោយ ៖ បូរ់ាវី








