
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃពុធ (ទី២៤ ខែមករា) បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តចិននឹង «ផ្ដួល» គូប្រជែងពិភពលោក ប្រសិនបើគ្មានរបាំងពាណិជ្ជកម្មនោះទេ ដោយបញ្ជាក់ពីកម្ដៅដែលក្រុមហ៊ុននាំមុខទីផ្សាររថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក ប្រឈមនឹងការចូលចិត្តចំពោះរថយន្ត BYD ដែលកំពុងប្រកួតប្រជែងដើម្បីពង្រីកទីផ្សារនៅទូទាំងពិភពលោក។
ការអត្ថាធិប្បាយរបស់លោក Musk កើតឡើងបន្ទាប់ពីក្រុមហ៊ុន BYD គាំទ្រដោយលោក Warren Buffett ដែលមានម៉ូដែលតម្លៃថោកជាង និងស៊េរីដែលផ្លាស់ប្តូរកាន់តែច្រើន បានវ៉ាដាច់ក្រុមហ៊ុន Tesla ក្នុងនាមជាក្រុមហ៊ុនរថយន្តអគ្គិសនី (EV) លក់ដាច់បំផុតរបស់ពិភពលោកកាលពីត្រីមាសមុន បើទោះបីជា Tesla កាត់បន្ថយតម្លៃយ៉ាងច្រើនរហូតដល់ឆ្នាំ២០២៣ ក៏ដោយ។
លោក Musk បាននិយាយតាមរយៈទូរស័ព្ទជាមួយអ្នកវិភាគ កាលពីថ្ងៃពុធថា ក្រុមហ៊ុនរថយន្តចិន មាន «ការប្រកួតប្រជែងខ្លាំងបំផុត» ហើយ«នឹងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ នៅខាងក្រៅប្រទេសចិន អាស្រ័យលើប្រភេទពន្ធ ឬរបាំងពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើង»។
លោកបានបន្តថា៖ «ប្រសិនបើមិនមានរបាំងពាណិជ្ជកម្មត្រូវបានបង្កើតឡើងទេនោះ ពួកគេនឹងផ្ដួលក្រុមហ៊ុនរថយន្តផ្សេងទៀត ក្នុងពិភពលោកយ៉ាងច្រើន។ ពួកគេពិតជាល្អខ្លាំងណាស់»។
ការអត្ថាធិប្បាយរបស់លោក Musk នេះ ក៏កើតមានឡើងផងដែរ នៅពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើដំណើរកាន់តែកៀកបន្តិចម្ដងៗ។ ប្រធានាធិបតីលោក Joe Biden បាននិយាយថា ប្រទេសចិនបានប្តេជ្ញាចិត្ត ដើម្បីគ្រប់គ្រងទីផ្សារ EV ហើយថា លោក «នឹងមិនអនុញ្ញាតឲ្យរឿងនោះកើតឡើងទេ»៕