ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១ ឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តាមប្រព័ន្ធ ZOOM និងដោយផ្ទាល់នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា អញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូពាក់ព័ន្ធដែលធ្វើការងារអេដស៍ទាំងអស់។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំនេះឡើងក្នុងគោលបំណង ដើម្បីធ្វើកិច្ចពិភាក្សា និងធ្វើបទបង្ហាញ ស្តីពីវិធានការបង្ការការចម្លងមេរោគអេដស៍ឆ្ពោះទៅសម្រេចគោលដៅ៩៥ ទី១ និងចង់បញ្ជាក់ជូនថា ដោយផ្អែកទៅលើភាពជោគជ័យរបស់យើង គឺ៩៥ ទាំង៣ ដោយ៩៥ទី២ និង៩៥ទី៣ ទទួលបានជោគជ័យរួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ នៅ៩៥ទី១ ការធ្វើឲ្យបងប្អូនដែលប្រឈមនោះ ដឹងខ្លួនថា ខ្លួនផ្ទុកមេរោគអេដស៍ ឬក៏មិនផ្ទុកមេរោគអេដស៍ គឺទាមទារឲ្យគាត់ចូលរួមមកធ្វើតេស្តរកមេរោគអេដស៍ ព្រោះថាការដឹងខ្លួនមានផ្ទុក ឬមិនផ្ទុកមេរោគអេដស៍នោះ ទោះរកគ្រូទាយ ក៏ទាយមិនត្រូវដែរ មានតែឲ្យគាត់មកធ្វើតេស្តរកមេរោគអេដស៍ប៉ុណ្ណោះ។
ឯកឧត្តម បានបញ្ជាក់ថា មកដល់ពេលនេះ ៩៥ទី១ គឺឋិតនៅឆ្ងាយណាស់ ទើបតែសម្រេចបាន ៨៦% ដែលមានឧបសគ្គផ្សេងៗទៀតដែលត្រូវដោះស្រាយជាជំហានៗ ហើយបើជោគជ័យ៩៥ទី១ គឺជោគជ័យទាំងអស់។ ក្រោយពីបានសម្រេចនូវគោលដៅ ៩០-៩០-៩០ មុនកាលកំណត់ នៅឆ្នាំ២០១៧ កម្ពុជាបានបន្តប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាក្នុងការលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ គឺមុនគោលដៅពិភពលោក៥ឆ្នាំ។ ដែលក្នុងនោះត្រូវធ្វើឱ្យសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ និងមិនទុកនរណាម្នាក់ចោលដោយមិនបានទទួលការយកចិត្តទុកដាក់ឡើយ។ កម្ពុជាមានក្តីសង្ឃឹមយ៉ាងមុតមាំថានឹងកសាងមនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានអេដស៍។ ជាការពិត ការបញ្ចប់ជំងឺអេដស៍អាចសម្រេចទៅបានលុះត្រាតែរួមគ្នាដោះស្រាយ៕ អត្ថបទ៖ រដ្ឋា






