បង់ក្លាដែស៖ មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការផ្ទុះមួយកាលពីថ្ងៃអាទិត្យក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស។ នគរបាល និងអង្គភាពពន្លត់អគ្គិភ័យបាននិយាយថា ក្រុមអាជ្ញាធរមិនអាចកំណត់ពីមូលហេតុនាំឲ្យមានការផ្ទុះ ដែលបានបំផ្លិចបំផ្លាញរថយន្ត និងអគារមួយចំនួននៅជុំវិញអគារនោះបានទេ។

ការផ្ទុះនេះបានកើតមានឡើងនៅពេលល្ងាចលើអគារមួយក្នុងតំបន់ Moghbazar របស់រដ្ឋធានីដាកា ហើយក្រុមអ្នកសង្គ្រោះកំពុងធ្វើការនៅកន្លែងកើតហេតុ ដើម្បីជួយអ្នករបួស។ អគារយ៉ាងហោចណាស់ចំនួន ៧ខ្នងត្រូវបានខូចខាតដោយសារកម្លាំងនៃការផ្ទុះនោះ។ ស្នងការរងនគរបាល លោក Sajjad Hossain បាននិយាយថា នេះជាការផ្ទុះដ៏ខ្លាំងក្លាដោយបន្ថែមថា ក្រុមអ្នកជំនាញកំពុងធ្វើការរួមគ្នា។ ពួកគេកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះ និងការខូចខាតយ៉ាងធ្ងន់ធ្ងរនេះ។ ស្ថានីយទូរទស្សន៍ Ekattor TV ដែលមានការិយាល័យនៅរដ្ឋធានីដាកាបាននិយាយថា មនុស្ស ១០នាក់រងរបួសធ្ងន់ ខណៈដែលមនុស្សប្រមាណ ៥០នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ពុំមានការបញ្ជាក់ច្បាស់ភ្លាមៗពីមូលហេតុនាំឲ្យមានការផ្ទុះនេះទេ ប៉ុន្តែអគារសំខាន់មួយ ជាទីដែលការផ្ទុះបានកើតឡើងនោះមានហាងលក់អាហារទាន់ចិត្តមួយ។ របាយការណ៍នានាបាននិយាយថា ប្រព័ន្ធឧស្ម័នបង្ហូរ ឬស៊ីឡាំងឧស្ម័នខុសបច្ចេកទេស ដែលត្រូវបានប្រើដោយហាងនោះអាចជាមូលហេតុនៃការផ្ទុះនេះ៕
អត្ថបទ៖ សុខមាន