
មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃពុធថា កិច្ចសហប្រតិបត្តិការ គួរតែបន្តរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ ក្នុងផ្នែកប្រឆាំងភេរវកម្ម ជាពិសេសនៅក្នុងប្រទេសស៊ីរី។
លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក អាលី អាកបា អាម៉ាឌៀន (Ali Akbar Ahmadian) បានធ្វើការអធិប្បាយ នៅក្នុងកិច្ចប្រជុំជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោកនីកូឡៃ ប៉ាទ្រូសេវ (Nikolai Patrushev) នៅទីក្រុងមូស្គូ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ី។
លោកអាម៉ាឌៀន បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃអំពើភេរវកម្ម គួរតែបន្តយ៉ាងម៉ឺងម៉ាត់ ដោយសម្តែងការដឹងគុណចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងមន្ត្រីជាន់ខ្ពស់ ដែលបានសម្តែងការអាណិតអាសូរដល់ប្រជាជនអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវនាពេលថ្មីៗនេះ នៅទីក្រុងឃើម៉ែន (Kerman) ភាគអាគ្នេយ៍របស់ប្រទេសអ៊ីរ៉ង់ ដែលក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវ។
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានអំពាវនាវឲ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ហើយបានថ្កោលទោសការវាយប្រហារដោយពណ៌នាអំពីជំហររបស់រុស្ស៊ីចំពោះជម្លោះនៅតំបន់ហ្កាហ្សាថា ជា «ការស្ថាបនា»។