
អង្គការសហប្រជាជាតិ (UN) បាននិយាយថា ខ្លួនបានបើកគណនីធនាគាររុស្ស៊ី ក្នុងឆ្នាំ២០២២ ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានធ្វើឲ្យស្មុគស្មាញដល់ការប្រើប្រាស់បណ្តាញទូទាត់ធម្មតា ហើយបានទទួលថ្លៃសមាជិកភាពពីធនាគាររុស្ស៊ីចំនួន៣ ដែលបង់ចំពោះកម្មវិធីផ្តល់មូលនិធិអាកាសធាតុរបស់ UN ចាប់តាំងពីពេលនោះមក។
ធនាគារ Sovcombank ដែលជាស្ថាប័នឥណទានមួយក្នុងចំណោមស្ថាប័នឥណទានដ៏សំខាន់បំផុតទាំង១៣ របស់រុស្ស៊ី ដោយយោងតាមធនាគារកណ្ដាលនោះ កាលពីថ្ងៃចន្ទ (ទី២២ ខែមករា) បានឲ្យដឹងថា UN បានបើកគណនីជាមួយអ្នកផ្តល់ប្រាក់កម្ចីរុស្ស៊ីដែលមិនត្រូវបានបង្ហាញឲ្យដឹង និងដែលមិនរងការដាក់ទណ្ឌកម្ម ដើម្បីអនុញ្ញាតឲ្យមានប្រតិបត្តិការទូទាត់ជាប្រាក់រូប្លិ៍។
អ្នកនាំពាក្យ UN បាននិយាយថា៖ «មានគណនីធនាគាររបស់រុស្ស៊ី ដែលត្រូវបានបើកដោយលេខាធិការដ្ឋាន UN ស្របតាមគោលនយោបាយរបស់យើង ដើម្បីជួយរដ្ឋសមាជិកទាំងអស់ឲ្យបង់ប្រាក់វិភាគទានដែលត្រូវបានកំណត់របស់ពួកគេ ជាការខកខានដែលពួកគេត្រូវបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន»។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា «ការបើកគណនី គឺជាការចាំបាច់ ដោយសារតែបណ្តាញទូទាត់ធម្មតាផ្សេងទៀត កំពុងមានបញ្ហាប្រឈមដែលបណ្ដាលមកពីការដាក់ទណ្ឌកម្ម» ដោយគណនីធនាគារនេះត្រូវបានប្រើប្រាស់ ដើម្បីទទួលវិភាគទានដែលត្រូវបានកំណត់ និងដោយស្ម័គ្រចិត្ត សម្រាប់ UN។
សូមរំលឹកថា បណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី បន្ទាប់ពីប្រទេសនេះ បានចាប់ផ្តើមនូវអ្វីដែលទីក្រុងមូស្គូហៅថា ជា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕