
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានការកែលម្អសេដ្ឋកិច្ចក្នុងតំបន់របស់ប្រទេសនេះ ហើយបានស្តីបន្ទោសមន្ត្រីជុំវិញអាកប្បកិរិយាមិនខ្វល់ខ្វាយរបស់ពួកគេក្នុងការដោះស្រាយបញ្ហានយោបាយដ៏ធ្ងន់ធ្ងរនេះ។
លោកគីម បានធ្វើការអធិប្បាយនេះ ខណៈដែលលោក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងតំបន់នៅខាងក្រៅទីក្រុងព្យុងយ៉ាង ដោយការកសាងរោងចក្រទំនើបៗ នៅក្នុងតំបន់ចំនួន ២០ ជារៀងរាល់ឆ្នាំ ក្នុងទសវត្សរ៍បន្ទាប់ ខណៈដែលកូរ៉េខាងជើង បន្តប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរ និងការលំបាកផ្នែកសេដ្ឋកិច្ច។
មេដឹកនាំកូរ៉េខាងជើង បានបង្ហាញផែនការនេះ ក្នុងអំឡុងពេលសុន្ទរកថានៅឯកិច្ចប្រជុំនៃសភាប្រជាជនកំពូលរបស់កូរ៉េខាងជើង កាលពីថ្ងៃទី១៥ ខែមករា ជាកន្លែងដែលលោកបានប្តេជ្ញាថា នឹងចាត់វិធានការ «គាំទ្ររដ្ឋដ៏រឹងមាំ» ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងតំបន់ជនបទ។
លោក គីម បាននិយាយក្នុងកិច្ចប្រជុំធំមួយរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករនៅដើមសប្តាហ៍នេះថា៖«សព្វថ្ងៃនេះ ការខកខានមិនបានផ្តល់ឲ្យប្រជាជននៅតាមមូលដ្ឋាននូវតម្រូវការចាំបាច់ក្នុងការរស់នៅ រួមទាំងគ្រឿងឧបភោគបរិភោគ បានកើតឡើងជាបញ្ហានយោបាយដ៏ធ្ងន់ធ្ងរ ដែលគណបក្ស និងរដ្ឋាភិបាលរបស់យើង មិនអាចដើរថយក្រោយបានឡើយ នេះយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈមកូរ៉េ (KCNA)។