
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា សមាជិកសភាគណបក្សកាន់អំណាចកូរ៉េខាងត្បូងម្នាក់ ត្រូវបាន «វាយប្រហារ» នៅលើផ្លូវមួយ ក្នុងសង្កាត់ដ៏ទំនើប Gangnam របស់ទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) ដោយអ្នកបង្កហេតុមិនស្គាល់អត្តសញ្ញាណម្នាក់។
របាយការណ៍បាននិយាយថា លោកស្រី Bae Hyun-jin វ័យ ៤០ឆ្នាំ ត្រូវបានវាយប្រហារដោយ «វត្ថុដែលគេជឿថា ជាឧបករណ៍រាងមូល» ហើយលោកស្រីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយបន្ថែមថា ស្ថានភាពរបស់លោកស្រី «មិនគំរាមកំហែងដល់អាយុជីវិតនោះទេ»។
គួរបញ្ជាក់ដែរថា ការវាយប្រហារនេះកើតឡើងប្រហែលមួយខែប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសនេះលោក Lee Jae-myung ត្រូវបានគេចាក់ចំក ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងកំពង់ផែ Busan។ លោកបានទទួលការវះកាត់ ហើយត្រឡប់ទៅធ្វើការវិញ នៅថ្ងៃទី១៧ ខែមករា។
លោកស្រី Bae ដែលជាអតីតអ្នកអានព័ត៌មាន គឺជាអ្នកនាំពាក្យរបស់ប្រធានាធិបតីលោក Yoon Suk Yeol នៅពេលលោកជាប្រធានាធិបតីជាប់ឆ្នោត៕