
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅដល់ប្រទេសឥណ្ឌាហើយ នៅថ្ងៃព្រហស្បតិ៍ (២៥ មករា) នេះ ពោលគឺនៅមុនការប្រារព្ធទិវាសាធារណរដ្ឋរបស់ប្រទេសនេះ ដែលលោកនឹងក្លាយជាភ្ញៀវដ៏សំខាន់ពិសេស។
ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងនៅពេលដែលទីក្រុងញូវដេលី និងទីក្រុងប៉ារីសបន្តចរចាកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង និងនាវាមុជទឹករបស់បារាំង សម្រាប់យោធាឥណ្ឌា។ តែយ៉ាងណាក្ដី ទាំងមន្ត្រីទីក្រុងញូវដេលី និងប៉ារីស បាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងមានពាក់ព័ន្ធនឹងពិធីច្រើនជាងកិច្ចការសំខាន់ ហើយមិនមានលទ្ធផលធំណាមួយត្រូវបានរំពឹងថា នឹងកើតឡើងនោះទេ។
បារាំងគឺជាអ្នកផ្គត់ផ្គង់អាវុធធំទី២ របស់ឥណ្ឌា ហើយជាដៃគូដ៏ចំណាស់ និងជិតស្និទ្ធបំផុតរបស់ប្រទេសនេះ នៅតំបន់អឺរ៉ុបអស់ជាច្រើនទសវត្សរ៍មកហើយ។ បារាំងជាប្រទេសលោកខាងលិចតែមួយគត់ដែលមិនដាក់ទណ្ឌកម្មលើទីក្រុងញូវដេលី បន្ទាប់ពីឥណ្ឌាបានធ្វើតេស្តនុយក្លេអ៊ែរក្នុងឆ្នាំ១៩៩៨។
បើតាមទីប្រឹក្សាប្រធានាធិបតីបារាំង ដែលបានប្រាប់អ្នកសារព័ត៌មានមុនដំណើរទស្សនកិច្ចនេះ បានឲ្យដឹងថា សម្រាប់ប្រទេសបារាំង ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដែលទីក្រុងប៉ារីសបានបង្កើតឡើងជាមួយទីក្រុងញូវដេលី ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប៉ុន្តែគ្មានកិច្ចសន្យាថ្មីក្នុងវិស័យការពារជាតិត្រូវបានរំពឹងទុកនោះទេ។ នេះជាជំនួបលើកទី៥ រវាងលោក Narendra Modi និងលោក Macron ចាប់តាំងពីខែឧសភាមក៕