ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៥ខែមករា ឆ្នាំ២០២៤ នេះ បានពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសកម្ពុជាបានថ្លែងអបអរចំពោះសមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានដោយជោគជ័យនូវភារកិច្ចក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ហើយជំនួបទ្វេភាគីនៅថ្ងៃនេះ គឺជាឱកាសល្អក្នុងកិច្ចសហប្រតិបត្តិការទូត ដើម្បីបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែមានភាពស្អិតរមួតទ្វេឡើង។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីគោលបំណងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ចបៃតង ដោយរាប់បញ្ចូលឥណទានកាបូន ពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបំណងសហការជាមួយក្រសួងបរិស្ថាន។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កម្ពុជា-ឥណ្ឌូនេស៊ីនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្អាតប្រទេសទាំងពីរឱ្យទទួលបានភាពស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិក និងមានភាពបៃតង តាមរយៈការបង្កើនគម្របព្រៃឈើឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងការវិនិយោគបៃតងក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនេះ។
គួររម្លឹកជូនថា ទំនាក់ទំនងការទូតរវាងឥណ្ឌូនេស៊ី និងកម្ពុជាអស់រយៈពេល ៦៥ឆ្នាំមកនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន តាមរយៈការវិនិយោគ ការនាំចេញនាំចូលផលិតផល ការផ្លាស់ប្តូរទំនិញកសិកម្ម ឧស្សាហកម្មសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕អត្ថបទ៖ទូច សោភ័ណ