
បើតាមការផ្សាយរបស់ទូរទស្សន៍ NHK របស់ប្រទេសជប៉ុន បានឲ្យដឹងថា តុលាការជប៉ុនបានកាត់ទោសប្រហារជីវិត ចំពោះបុរសម្នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) នេះ។ ជនល្មើសត្រូវបានកាត់ទោសពីបទវាយប្រហារដោយការបង្កជាអគ្គិភ័យចំពោះស្ទូឌីយោគំនូរជីវចលដ៏ល្បីឈ្មោះ Kyoto Animation ដែលបានសម្លាប់មនុស្ស ៣៦នាក់ និងរាប់សិបនាក់រងរបួស។
លោក Shinji Aoba ដែលឥឡូវនេះមានអាយុ ៤៥ឆ្នាំ បានដុតស្ទូឌីយោនោះ នៅឆ្នាំ២០១៩ ដោយបានចាក់សាំងយ៉ាងហូរហៀរតំបន់ច្រកចូលរបស់ស្ទូឌីយោដែលមានមូលដ្ឋាននៅទីក្រុងក្យូតូ ដែលត្រូវបានគេស្គាល់ថា KyoAni ដែលហេតុការណ៍នោះភាគច្រើនបានសម្លាប់វិចិត្រករក្មេងៗ។ ហើយខ្លួនអ្នកប្រព្រឹត្តិផ្ទាល់ក៏បានរងការរលាកធ្ងន់ធ្ងរ និងបានទទួលការព្យាបាលយ៉ាងខ្លាំងក្លាជិតមួយឆ្នាំ ។
ពាក់ព័ន្ធនឹងមូលហេតុ ដែលឈានទៅរកការដុតនោះ សេចក្ដីរាយការណ៍នានាបានឲ្យដឹងថា លោក Aoba មានកំហឹងនឹងស្ទូឌីយោនេះ ដែលត្រូវបានគេស្គាល់ខ្លាំងដោយសាររឿងភាគ «Violet Evergarden»។ លោក Aoba បានប្រាប់នគរបាលថា លោកជឿថា ស្ទូឌីយោបានលួចចម្លងរឿងប្រលោមលោករបស់លោក ប៉ុន្តែការចោទប្រកាន់នោះ ត្រូវបានស្ទូឌីយោ KyoAni បដិសេធ។
រដ្ឋអាជ្ញាបានទាមទារឲ្យមានការកាត់ទោសប្រហារជីវិតសម្រាប់ Aoba ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឲ្យដឹងថា មេធាវីការពារក្តីរបស់ជនល្មើសបានស្វែងរកការកាត់ទោសស្រាលជាងនេះ ឬឲ្យរួចទោសតែម្ដង ដោយលើកហេតុផលពី «ជំងឺផ្លូវចិត្ត»៕