
ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ (២៥ មករា) នេះ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការបង្កបញ្ហា និងការបង្កហេតុ បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកបានបើកនាវាចម្បាំងដំបូងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប គិតចាប់តាំងពីការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នៅលើកោះនេះ។
និយាយនៅឯសន្និសីទសារព័ត៌មានប្រចាំខែ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ឯក Wu Qian បានប្រាប់អ្នកសារព័ត៌មានថា ការឆ្លើយតបរបស់ប្រទេសចិនក្នុងការគេចចេញពីនាវានោះ គឺ «ត្រឹមត្រូវ សមហេតុផល និងអត់ធ្មត់ប្រកបដោយវិជ្ជាជីវៈ»។
លោក Wu បានបន្ថែមថា យោធារបស់ប្រទេសចិននឹង «បន្តរៀបចំប្រតិបត្តិការយោធាពាក់ព័ន្ធ» ជុំវិញច្រកសមុទ្រតៃវ៉ាន់ ជាប្រចាំ ដែលជាផ្នែកមួយនៃការហ្វឹកហ្វឺនរបស់ខ្លួន ខណៈដែលក្រុមអ្នកវិភាគ បានព្យាករថា នឹងមានសមយុទ្ធជាញឹកញាប់នៅមុនព្រឹត្តិការណ៍ឡើងកាន់តំណែងរបស់មេដឹកនាជាប់ឆ្នោតរបស់កោះតៃវ៉ាន់ លោក William Lai ក្នុងខែឧសភា៕