
មន្ត្រីទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋនៃប្រទេសអ៊ុយក្រែន បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (២៥ មករា) នេះថា អ៊ុយក្រែននឹងធ្វើគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីធានាឲ្យមានការស៊ើបអង្កេតអន្តរជាតិ ក្នុងករណីធ្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី ដោយការលើកឡើងនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគីវថា បានបាញ់ទម្លាក់យន្តហោះដោយចេតនា។
រុស្ស៊ីបាននិយាយថា យន្តហោះយោធា Ilyushin Il-76 បានដឹកទាហានអ៊ុយក្រែន ៦៥នាក់ ទៅកាន់កន្លែងផ្លាស់ប្តូរអ្នកទោស នៅពេលដែលយន្តហោះបានធ្លាក់កាលពីថ្ងៃពុធ (ទី២៤ ខែមករា) នៅជិតទីក្រុង Belgorod របស់រុស្ស៊ី ក្បែរព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្សទាំងអស់ ៧៤នាក់នៅលើយន្តហោះនោះ។
ទីក្រុងគីវបានជំទាស់នឹងការរៀបរាប់របស់ក្រុងម៉ូស្គូថា ជារឿងប្រឌិដ្ឋ ហើយមិនបានបញ្ជាក់ថា មានអ្នកទោសអ៊ុយក្រែននៅលើយន្តហោះនោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីល្ងាចថ្ងៃពុធនោះថា ត្រូវការភាពច្បាស់លាស់បន្ថែមទៀតអំពីអ្វីដែលបានកើតឡើង ជាពិសេសនៅពេលនិយាយអំពីអ្នកដែលជិះយន្តហោះ ហើយបានចោទប្រកាន់រុស្ស៊ីថា «លេងសើចជាមួយជីវិតអ្នកទោសអ៊ុយក្រែន»។
រុស្ស៊ីបានចាត់ទុកការបាញ់ទម្លាក់យន្តហោះនេះថា «ជាអំពើភេរវកម្ម»។ នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំងបាននិយាយថា គ្មាននរណាម្នាក់អាចនិយាយបាននៅក្នុងដំណាក់កាលនេះថា តើឧបទ្ទវហេតុនឹងប៉ះពាល់ដល់ការដោះដូរអ្នកទោសនាពេលអនាគតដែ ឬយ៉ាងណានោះទេ៕