ក្រុមទាហានដែលត្រូវបានជ្រើសរើសថ្មីដំបូងបានចាប់ផ្តើមបម្រើយោធាជាកំហិតរយៈពេល ១ឆ្នាំរបស់ពួកគេនៅកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) បន្ទាប់ពីរយៈពេលនៃការចុះឈ្មោះត្រូវបានបន្ត ពីរយៈពេលបម្រើការត្រឹមតែ ៤ខែកាលពីមុន ដោយសារការព្រួយបារម្ភរបស់រដ្ឋាភិបាលអំពីការគំរាមកំហែងផ្នែកយោធាកើនឡើងរបស់ប្រទេសចិន។

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានប្រកាសការបន្តពេលរយៈពេលនេះនៅចុងឆ្នាំ២០២២។ ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន រួមទាំងបេសកកម្មកងទ័ពអាកាសចិនស្ទើរតែរាល់ថ្ងៃនៅជិតកោះនេះក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។

នៅឯមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកយោធានៅភាគកណ្តាលទីក្រុង ថៃចុង (Taichung) របស់កោះតៃវ៉ាន់ បុរសវ័យក្មេងមួយក្រុមបានប្រមូលផ្តុំគ្នានៅពេលព្រឹកដ៏ត្រជាក់ដើម្បីចាប់ផ្ដើមចូលបម្រើការ ខណៈសត្វសុខនបានហិតក្លិនពិនិត្យកាបូបរបស់ពួកគេរកគ្រឿងញៀន ហើយជាងកាត់សក់បានកោរសក់ពួកគេមុនពេលផ្លាស់ប្តូរទៅជាកងកម្លាំងទ័ព។

កងទ័ពរបស់កោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនរំពឹងថានឹងមានទាហានសរុបចំនួន ៦៧០នាក់ នឹងចូលរួមក្នុងក្រុមទីមួយក្រោមគម្រោងដែលបានពង្រីករយៈពេលថ្មីនេះ៕