អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ថាកោះតៃវ៉ាន់ នឹងមិនអាចក្លាយជាប្រទេសបាននោះទេ ហើយមិនមានសកម្មភាពផ្ដាច់ខ្លួនស្វែងរក «ឯករាជ្យភាពតៃវ៉ាន់» ឬការប៉ុនប៉ងដោយកងកម្លាំងបរទេសដើម្បីបំបែកខ្លួនប្រទេសចិន ណាមួយនឹងទទួលបានជោគជ័យនោះទេ។

អ្នកនាំពាក្យ លោក អ៊ូ ឈាន (Wu Qian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់ គឺជាកិច្ចការរបស់តំបន់មួយនៅក្នុងប្រទេសចិន ដោយបន្ថែមថាលទ្ធផលបោះឆ្នោតបង្ហាញថាបក្សប្រជាធិបតេយ្យជឿនលឿន DPP មិនអាចតំណាងឱ្យមតិសាធារណៈទូទៅនៅលើកោះនេះបានទេ។

ដោយបញ្ជាក់ថាអធិបតេយ្យភាព និងទឹកដីរបស់ចិនមិនដែលត្រូវបានកាត់ផ្តាច់នោះទេ លោក អ៊ូ បាននិយាយថា ការពិតដែលថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន និងឋានៈស្របច្បាប់របស់ខ្លួនជាផ្នែកនៃទឹកដីនេះ ក៏មិនមានការផ្លាស់ប្តូរដែរ។

លោក អ៊ូ ក៏បានបញ្ជាក់ផងដែរថា បញ្ជាការភាគខាងកើតនៃកងទ័ពចិន PLA បានបើកការល្បាតតាមសមុទ្រ និងផ្លូវអាកាសរួមគ្នាជុំវិញកោះតៃវ៉ាន់ ក្នុងគោលបំណងបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងបង្កើនសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕