ដោយមានការយកចិត្តទុកដាក់ ព្រមទាំងខ្នះខ្នែង ជួយសម្រួសនូវកិច្ចការងារជាច្រើនពីឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាអនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ផងនោះ ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់Tiffy Army FC និងមានគម្រោងចេញទៅប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរជាតិជាលើកដំបូង ក្នុងពានរង្វាន់ « Funlin Cup» ខេត្តយូណាន នៃប្រទេសចិន ដោយទទួលបានការអញ្ជើញជាពិសេសឲ្យចូលរួមប្រកួតពីសំណាក់ក្លិបបាល់ទាត់ YUNNAN Fulin Football club ដែលជាអ្នករៀបចំកម្មវិធីប្រកួតមួយនេះ។
យ៉ាងណាមិញ សម្រាប់ការចេញទៅប្រកួតលក្ខណៈអន្តរជាតិលើកដំបូងរបស់ ក្រុមយុវជន អាយុក្រោម ១៧ឆ្នាំ Tiffy Army FC នេះ ដែលគ្រោងនិងចេញដំណើរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ គឺទទួលការជួយជ្រោមជ្រែង រាប់រងនូវការចំណាយផ្សេងៗ ពីសំណាក់ លោកបណ្ឌិត សុផាឆៃ វិរៈភុជ ប្រធានសមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាអគ្គលេខាធិការក្លិប និងជាអ្នកទទួលបន្ទុកចាត់ចែងការដឹកនាំចេញទៅ ប្រកួតផងដែរ។
គួររំលឹកថា ក្រុមយុវជន អាយុក្រោម១៧ ឆ្នាំ Tiffy Army FC ដែលគ្រោងចេញទៅប្រកួតលក្ខណៈអន្តរជាតិ នៅប្រទេសចិននេះគឺជាអតីតម្ចាស់ជើងឯកពានរង្វាន់ អាយុក្រោម១៦ ឆ្នាំ Smart Youth League ប្រចាំ ឆ្នាំ២០២៣ ដោយសព្វថ្ងៃបាននិងកំពុងតែធ្វើការហ្វឹកហាត់ជាប្រចាំ នៅកីឡដ្ឋាន Tiffy Army Stadium ក្រោមការបង្ហាត់ដោយផ្ទាល់ពីសំណាក់លោកគ្រូ អ៊ុំ សាវង្ស ជាគ្រូបង្គោលយុវជន Tiffy Army FC ។
ទាំងគ្រូបង្វឹកយុវជន និងក្រុមកីឡាករជាយុវជន ក៏បានបង្ហាញការតាំងចិត្តសម្រាប់ការប្រកួតនៅក្រៅស្រុក ហើយក៍បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្លិប ដែលបានផ្ដល់ឱកាសមាស ក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ផងដែរ៕
