ក្រុមមន្ត្រីបាននិយាយថា ប្រទេសហ្វីលីពីន និងវៀតណាម នឹងយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការកងឆ្មាំល្បាតឆ្នេរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ នៅសប្តាហ៍ក្រោយដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដោយនោះជាសកម្មភាពមួយដែលប្រថុយនឹងការខឹងសម្បារពីប្រទេសចិន។

ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះបានប្រជែងគ្នាទាមទារយកដែនសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនេសាទ និងពាណិជ្ជកម្មពិភពលោក ដែលចិនទាមទារសិទ្ធិស្ទើរតែទាំងស្រុង។

កងឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងឆ្មាំល្បាតឆ្នេររបស់ពួកគេ ។

គេមិនច្បាស់ទេថាកិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលអ្វីខ្លះនោះ ប៉ុន្តែកិច្ចសហប្រតិបត្តិការឆ្មាំល្បាតឆ្នេរមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នារវាងនាវានេសាទ ដែលទន្ទ្រានចូលទៅក្នុងដែនទឹកបរទេស ដែលជាជំហានមួយអាចជួយបន្ធូរបន្ថយជម្លោះទឹកដីទ្វេភាគី៕