នៅតំបន់ហ្កាហ្សា ភាគខាងជើងដែលពិបាកទៅដល់ ការចែកចាយជំនួយដ៏កម្រត្រូវបានឡោមព័ទ្ធដោយប្រជាជនប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លាន និងបុគ្គលិកជំនួយរាយការណ៍ថាមើលឃើញមានមនុស្សស្គមស្គាំង និងស្រេកឃ្លានខ្លាំងជាច្រើន។

ភាពអត់ឃ្លានបានលេបត្របាក់តំបន់ហ្កាហ្សាស្រ្ទីប ទាំងមូលដែលជាតំបន់ហ៊ុមព័ទ្ធតូចមួយមានមនុស្ស ២,៣លាននាក់ កំពុងរស់នៅក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ខណៈដែលខ្លួនកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស។

អង្គការសហប្រជាជាតិបានព្រមាននៅសប្តាហ៍នេះថាដែនដីមួយនេះកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។ ខណៈពេលដែលតំបន់នានានៅជិតព្រំដែនអេហ្ស៊ីបទទួលបានការផ្គត់ផ្គង់អាហារនាំចូលមានកម្រិត ប្រជាជននៅភាគខាងជើង និងភាគកណ្តាលនៃតំបន់ហ៊ុមព័ទ្ធនេះ ជាទីដែលការប្រយុទ្ធគ្នាបានកើតមានយ៉ាងខ្លាំងក្លាបំផុត កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយ នេះបើយោងតាមបុគ្គលិកជំនួយ។
មិនមានទិន្នន័យទូលំទូលាយស្តីពីភាពអត់ឃ្លានអាចរកបានសម្រាប់តំបន់ហ្កាហ្សាទេ ដោយសារភ្នាក់ងារជំនួយពិបាកក្នុងការផ្លាស់ទី និងទំនាក់ទំនងទៅកាន់តំបន់នេះ ស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។

របាយការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែធ្នូ បាននិយាយថា ប្រជាជនទាំងមូលនៃតំបន់ហ្កាហ្សា ប្រឈមនឹងកម្រិតវិបត្តិនៃភាពអត់ឃ្លាន និងការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្ស៕