អង្គការអ៊ីស្លាមនិយមប៉ាឡេស្ទីនហាម៉ាស កំពុងអំពាវនាវឲ្យមានការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កា ហ្សាស្ទ្រីប មុនពេលកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចលើកិច្ចព្រមព្រៀងថ្មីសម្រាប់ការដោះលែងចំណាប់ថ្នូរបន្ថែមទៀត។

អ្នកនាំពាក្យក្រុមហាម៉ាស លោកហ្កាហ្ស៊ី ហាម៉េដ (Ghazi Hamad) ក៏បានប្រាប់សារព័ត៌មាន dpa កាលពីថ្ងៃព្រហស្បតិ៍ថា ការចរចាដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ មានការរីកចម្រើនតិចតួច។

យោងតាមប្រភពពីក្រុមហាម៉ាស នៅទីក្រុងបេរូត ( Beirut) លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)បានច្រានចោលបទឈប់បាញ់ជាជំហានដំបូង។
ម៉្យាងវិញទៀត ក្រុមហាម៉ាស បានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់ការដឹកនាំក្រុមហាម៉ាស ដើម្បីចាកចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកនៃដំណោះស្រាយចរចា។

កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍អំពីក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបន្ថែមទៀតអំពីការដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងបទឈប់បាញ់យូរជាងនេះ។
កាលពីថ្ងៃពុធ នៅក្នុងការតវ៉ាមិនធម្មតាមួយនៅតំបន់ហ្កាហ្សាស្ទ្រីប បាតុករប៉ាឡេស្ទីនរាប់សិបនាក់ បានអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរ ដើម្បីបញ្ចប់សង្រ្គាម។
ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរ ១០៥នាក់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ នៅចុងខែវិច្ឆិកាជាថ្នូរនឹងគ្នា អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០នាក់ ចេញពីពន្ធនាគារ។