ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និងស្នើឲ្យមន្រ្តីក្រោមឱវាទគ្រប់អនុវិស័យទាំងអស់ ត្រូវបង្កើននិងគិតគូរអនុវត្តការងារឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែមករានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ក្រោមឱវាទក្រសួង ត្រូវបន្តចូលរួមលើកស្ទួយផលិតកម្ម និងរក្សាស្ថេរភាពថ្លៃរយៈពេលវែង ដើម្បីរក្សាខ្សែច្រវាក់តម្លៃឱ្យត្រូវនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីឱ្យមានប្រសិទ្ធភាព និងចំទិសដៅពិតប្រាកដ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងជាថ្មីម្ដងទៀត អំពីគោលនយោបាយរបស់ក្រសួង ដែលផ្ដល់អាទិភាពលើការរក្សាសន្តិសុខស្បៀង និងនិរន្តរភាពធនធានធម្មជាតិ ដែលគ្រប់អនុវិស័យទាំងអស់ត្រូវគិតគូរអនុវត្តឱ្យបាននៅទូទាំងប្រទេស ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយនេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត អំពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលចាំបាច់ត្រូវថែរក្សាការពារ អភិវឌ្ឍ និងប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីផ្ដល់ប្រយោជន៍ដល់វិស័យកសិកម្ម។

ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលសម្រេចបានលទ្ធផលល្អ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការការពារនូវធនធានធម្មជាតិផងដែរ៕




