ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាអះអាងថា គណបក្សប្រជាជន នឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវឌ្ឍ សេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។
នេះគឺជាខ្លឹមសារដែល សម្តេចបានលើកឡើងក្នុងសារលិខិតផ្ញើជូនជនរួមជាតិសម្រាប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃគម្រប់ខួបទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ។
សម្តេចរម្លឹកថា គណបក្សប្រជាជនកម្ពុជាមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដោយមានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ក្នុងនាមជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅ ខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម ។
គណបក្សបានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិពី ការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ ឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបាន បញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើង វិញ របស់ប្រជាជនលើមាគ៌ាសន្តិភាព បង្រួប បង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។
រយៈពេល៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនបានដឹកនាំប្រទេសសម្រេចបានសមិទ្ធផល ដ៏ធំធេងក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញ របស់ប្រជាជន រាំងស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍, ការស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេ ឱ្យមាន ស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ, ការ បង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរនាឆ្នាំ១៩៩៣, ការបង្កើតសន្តិភាពពេញ លេញជូនជាតិ ចាប់ពីចុង ឆ្នាំ១៩៩៨ មកតាមរយៈ នយោបាយឈ្នះ ឈ្នះ, ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព របស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចធ្វើឱ្យប្រជាជនមានជីវភាពកាន់តែ ប្រសើរឡើង ហើយកំពុងរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា។
សម្តេច បន្តថា ក្នុងនាមគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្តេចបានសម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅ ប្រទេស ដែលបានឃើញច្បាស់សច្ចធម៌នៃការដឹកនាំរបស់គណបក្ស ហើយផ្តល់ យុត្តិធម៌ និងការគាំទ្រឥត រង្គោះរង្គើដល់គណបក្សនៅគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់ គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន។
ឆ្លើយតបនឹងការជឿទុកចិត្តនេះ គណបក្សនឹងបន្តពុះពារធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង ។
សម្តេច បានបន្តទៀតថា ទោះបី នៅពេលនេះពុំមានការជួបជុំធំដើម្បីរំឭកខួបលើក ទី៧០ នៃ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដោយសារតែ ប្រទេសកំពុងប្រឈមនឹងការឆ្លងរាតត្បាតជា សាកលនៃជំងឺកូវីដ-១៩ក្តី ក៏ស្មារតីចងចាំ គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួង ចិត្តរបស់យើងជានិច្ច។
នៅក្នុងឱកាសនេះ សម្តេចក៏បានអំពាវនាវបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់ អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចូលរួមចាក់វ៉ាក់សាំងការពារជំងឺនេះ និងបន្តអនុវត្តវិធានការ "៣កុំ ៣ការពារ” ដើម្បីឱ្យយើងអាចឆ្លងផុតកាលៈទេសៈដ៏លំបាកនេះបានឆាប់ ឈានទៅរកប្រក្រតីភាព ឡើងវិញតាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជន សម្តេច មានជំនឿថា អាស្រ័យដោយមានការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់រូប យើងពិតជានឹងយកឈ្នះបាន ក្នុងសមរភូមិប្រយុទ្ធនឹងជម្ងឺកូវីដ១៩៕
អត្ថបទ ៖ មុត សុទ្ធ