បុរសម្នាក់បានស្លាប់ បន្ទាប់ពីបំណាក់ដីនៅតំបន់ខ្ពង់រាប Cameron ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រ ទី២៦ ខែមករានេះ ដោយមនុស្ស ៤ នាក់ផ្សេងទៀត ត្រូវគេបារម្ភថាកប់ទាំងរស់ក្រោមបំណាក់ដី។ អាជ្ញាធររដ្ឋាភិបាល បាននិយាយថា អ្នកទាំង៥នាក់ ជាជនជាតិមីយ៉ាន់ម៉ា។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងបន្តនៅកន្លែងកើតហេតុក្នុងតំបន់ Blue Valley ដោយមានការចូលរួមពីនាយកដ្ឋានពន្លត់អគ្គីភ័យនិងជួយសង្គ្រោះ នគរបាលនិងកងកម្លាំងការពារជនស៊ីវិលម៉ាឡេស៊ី។

សេចក្តីថ្លែងការណ៍និយាយថា ដោយផ្អែកលើព័ត៌មានបឋម មានបុរសពេញវ័យ ៣ នាក់ និងស្ត្រីពេញវ័យម្នាក់ នៅតែកប់នៅក្នុងបំណាក់ដី។ ទោះជាយ៉ាងណា អត្តសញ្ញាណរបស់ពួកគេ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ សេចក្តីថ្លែងការណ៍និយាយថា អ្នកពន្លត់អគ្គិភ័យ៩នាក់ ដែលមកដល់ដំបូងគេ ត្រូវដើរប្រហែល៣គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងកើតហេតុ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ លោក អាឡិចសានឌ័រ ណានតា លីងជី(Alexander Nanta Linggi) បាននិយាយថា លោកត្រូវបានគេជូនដំណឹងថាលំនៅឋានមួយខ្នង បានរងគ្រោះដោយបំណាក់ដីនេះ។
លោកបាននិយាយនៅក្នុងការបង្ហោះលើបណ្តាញ X ថា ទោះជាយ៉ាងណា នាយកដ្ឋាន នឹងជួយក្នុងប្រតិបត្តិការនេះ ជាពិសេសក្នុងការបោសសម្អាតនៅកន្លែងបំណាក់ដីនៅច្រកចូលតំបន់ឧបទ្ទវហេតុ ដើម្បីជួយសម្រួលដល់ការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។