នៅថ្ងៃទី២៦ខែមករានេះ ក្រសួងទេសចរណ៍បានបើកសិក្ខាសាលាពិគ្រោះយោបល់រៀបចំសេចក្តីពា្រង កម្មវិធីបណ្តុះបណ្តាលគុណវុឌ្ឍិជាតិវិជ្ជាជីវៈកម្រិត ២ សញ្ញាបត្រវិជ្ជាជីវៈ C1 លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញនេះ នឹងផ្តល់ឱកាសយុវជនគ្មានសញ្ញាបត្រឌីប្លូមជាដើម អាចចូលសិក្សាជំនាញទេសចរណ៍ និងបន្តសិក្សារហូតដល់សញ្ញាបត្រថ្នាក់បណ្ឌិត។

លោក ជួប រតនា ប្រធាន នាយកដ្ឋានផែនការ អភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ ថ្លែងថា តាមការប្តេជ្ញាចិត្ត ការរៀបចំសេចក្តីពា្រង កម្មវិធីបណ្តុះបណ្តាលគុណវុឌ្ឍិជាតិវិជ្ជាជីវៈកម្រិត ២ សញ្ញាបត្រវិជ្ជាជីវៈ C1 លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនេះ គ្រោងនឹងរៀបចំបញ្ចប់នៅក្នុងខែកុម្ភៈ ហើយនៅក្នុងខែមីនា ឆ្នាំ២០២៤ នឹងដាក់ស្នើសុំគណៈកម្មាធិការជាតិរៀបចំការបណ្តុះបណ្តាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាត ដើម្បីផ្តល់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ២ មុខជំនាញ នៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជន ១.៥លាននាក់របស់រាជរដ្ឋាភិបាល ។

លោក ជួប រតនា បន្តថា តាមរយៈការរៀបចំបញ្ចប់កម្មវិធីសិក្សាជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈ C1 នេះនឹងបើកឱកាសឲ្យយុវជនដែលមិនមានសញ្ញាបត្រឌីប្លូមជាដើម គឺអាចចូលសិក្សាយកជំនាញ និងបន្តការសិក្សារហូតថ្នាក់បណ្ឌិត។

ឯកឧត្តម ស្រូ រិទ្ធី ក្នុងនាមជា គ្រូបង្គោលអាស៊ានបានថ្លែងថា បច្ចុប្បន្នគ្រប់យុវជនដែលទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះ គឺភាគច្រើនតែងទទួលបានឱកាសច្រើន មានទីផ្សារការងារច្រើន និងខ្លះទទួលបានឱកាសការងារនៅតាមបណ្តាប្រទេសអាស៊ាន និងទទួលបានប្រាក់បៀវត្សខ្ពស់។

សូមបញ្ជាក់ថា បច្ចុប្បន្នបើទោះក្រសួងទេសចរណ៍មិនទាន់មានកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍យកសញ្ញាបត្រវិជ្ជាជីវៈ C1 ក៏ដោយសង្កេតឃើញថា ក្រសួងទេសចរណ៍បានផ្តល់ការបណ្តុះបណ្តាលជំនាញជូនយុវជនរាប់ម៉ឺននាក់ក្នុងវិស័យទេសចរណ៍ និងមានអ្នករៀនខ្លះរៀនបានសញ្ញាបត្រវិជ្ជាជីវៈទេសចរណ៍ទទួលស្គាល់ដោយអាស៊ាន និងអាចធ្វើការងារចល័តនៅក្នុងតំបន់អាស៊ានផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា

