រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំលែង ត្រី ដែលមានប្រភពពីក្រៅប្រទេសចូលទៅក្នុងបឹងបួរធម្មជាតិនានា ដែលអាចបង្កហានិភ័យទៅដល់ត្រី នៅក្នុងប្រទេស ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលជលផល ចុះថ្ងៃទី២៥ ខែមករានេះ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្លះ បានលែងត្រីដែលមានប្រភពពីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ ដែលសកម្មភាពនេះ អាចនឹងបង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក ។ វារីសត្វ ឬប្រភេទដែលមានប្រភពពីក្រៅប្រទេសមួយចំនួន ជាប្រភេទត្រីកាចស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រី ឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្ដើមទី ជម្រក និងអាចនាំឲ្យប៉ះពាល់ដល់ពូជក្នុងស្រុក ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងចិញ្ចឹមប្រភេទ ត្រី ឬវារីសត្វ មានប្រភពពីក្រៅប្រទេស សូមថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែសឲ្យរួច ចូលក្នុងដែនទឹកធម្មជាតិ ។ ករណីពលរដ្ឋមានបំណងលែងត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស ត្រូវទំ នាក់ទំនងមន្ត្រីជលផល ។
រដ្ឋបាលជលផល ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទ បន្តផ្ដល់នូវព័ត៌មាន ដល់សមត្ថកិច្ចជលផល និងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ដែលនេសាទបានឲ្យ ផុលផុសថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ។
ជាមួយនេះ រដ្ឋបាលជលផល បានសម្ដែងការរីករាយ និងថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងៗទៀត ជាអាទិ៍ ត្រី រាជ ត្រីគល់រាំង ត្រីត្រសក់ អណ្ដើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃ ក្នុងការ ចូលរួមថែរក្សាការពារធនធានជលផល និងទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីមហាជន ៕អត្ថបទ៖ បាន សុខរិទ្ធិ
