ប៉ាឡេស្ទីន៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងក្រុង Bethlehem តំបន់ West Bank កាលពីថ្ងៃអាទិត្យ អំឡុងការតវ៉ាជុំវិញការស្លាប់អ្នករិះគន់ និយាយឥតសំចៃម្នាក់លើអាជ្ញាធរប៉ាឡេស្ទីន លោក Nizar Banat ដែលបានស្លាប់ ខណៈនៅក្នុងមន្ទីរឃុំឃាំង។

កងកម្លាំងសន្តិសុខប៉ាឡេស្ទីននៅក្នុងកុប្បកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងទៅលើក្រុមបាតុករដែលធ្វើឲ្យពួកគេរត់ចេញ។ ជនប៉ាឡេស្ទីនរាប់ពាន់នាក់បានធ្វើបាតុកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីតវ៉ាប្រធានាធិបតីលោក Mahmoud Abbas និងអាជ្ញាធរប៉ាឡេស្ទីនរបស់លោក នៅកន្លែងដែលពួកគេត្រូវបានអាជ្ញាធរបំបែកដោយអំពើហិង្សា។ បាតុកម្មជាច្រើនត្រូវបានធ្វើឡើងទាក់ទងទៅនឹងការស្លាប់របស់លោក Nizar Banat ជាអ្នករិះគន់ឥតសំចៃលើអាជ្ញាធរប៉ាស្ទីន ក្នុងមន្ទីរឃុំឃាំងកងកម្លាំងសន្តិសុខកាលពីសប្ដាហ៍មុន។

ប្រជាប្រីយភាពរបស់លោក Abbas បានធ្លាក់ចុះ បន្ទាប់ពីលោកបានលុបចោលការបោះឆ្នោតលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំកាលពីខែមេសា ដែលត្រូវបានបញ្ឈប់សកម្មភាពដោយសង្គ្រាមនៅតំបន់ហ្គាហ្សាកាលពីខែឧសភា។ អាជ្ញាធរប៉ាឡេស្ទីនរបស់លោកត្រូវបានគេមើលឃើញជាយូរ ចំពោះសកម្មភាពមិនល្អជុំវិញអំពើពុករលួយ និងមិនអត់ឱនចំពោះអ្នកប្រឆាំង។ ប៉ុន្តែប្រទេសអ៊ីស្រាអែល និងប្រទេសលោកខាងលិច បានចាត់ទុកអាជ្ញាធរប៉ាឡេស្ទីនជាដៃគូដ៏សំខាន់ក្នុងការជំរុញស្ថិរភាព៕
អត្ថបទ៖ ប៊ុនថន