ដើម្បីកែប្រែស្ថានភាពរស់នៅនាពេលអនាគតឱ្យល្អជាងមុន ជនមានពិការភាព បានដាក់ចិត្តខិតខំ ប្រឹងប្រែងរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យចេះពិតប្រាកដ ដើម្បីមានលទ្ធភាពរកការងារធ្វើសមរម្យដូច ជនមិនមានពិការភាពដែរ ។
ជនមានពិការភាព ដែលកំពុងរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមករា នេះ បានប្រាប់BTVថា ពួកគេទទួលស្គាល់ថា ការ រៀនជំនាញបច្ចេកទេសឱ្យចេះពិតប្រាកដពិតជាមានសារសំខាន់ណាស់ សម្រាប់រកប្រាក់ចំណូលជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏អាចកែប្រែស្ថានភាពរស់នៅក្នុងពេលអនាគតបានល្អជាងមុនផងដែរ។ លើសពីនេះពួកគេប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងរៀនជំនាញឱ្យចេះពិតប្រាកដ។
ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹម ថ្ងៃទី២៥ ខែមករានេះ មានយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចំនួនជាង២ម៉ឺន ៦ពាន់នាក់ ក្នុងនោះជនមានពិការភាព ចំនួន៦៥នាក់។ ឯកឧត្តម បានអំពាវនាវដល់យុវជន ទាំងជនពិការភាព និងមិនពិការភាពរួសរាន់ទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឱ្យមានអាជីព មួយច្បាស់លាស់។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន១.៥លាននាក់ មកពីគ្រួ សារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ បានបើកបវេសនកាលចូលរៀននៅទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមករានេះ ។ ការចុះឈ្មោះ និងចូលរៀន នៅតែបន្តធ្វើជារៀង រាល់ថ្ងៃ នៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញផ្សេងៗពីគ្នា សរុបចំនួន៣៧ទីតាំង ដែលស្ថិតនៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ដូចជា៖ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង ព្រះសីហនុ កោះកុង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ