ព្រៃវែង ៖ ក្រសួងសុខាភិបាល បានបន្តក្រើនរំឡឹក និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋជាថ្មីម្តងទៀត ឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ខណៈក្រសួងបានរកឃើញជំងឺផ្តាសាយបក្សី(H5N1) ០១ករណីទៀត កើតលើក្មេងប្រុសអាយុ៣ឆ្នាំ រស់នៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារាអាយុ៣ឆ្នាំ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ករណីវិជ្ជមានមេរោគ H5N1 នេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ។ បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ករណីជំងឺផ្តាសាយបក្សីលើកុមារខាងលើនេះ បានកើតឡើង បន្ទាប់ពីមានមាន់ និងទាងាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ។ ក្រសួងសុខាភិបាលបានលើកឡើងថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួង និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នគរបាល និងអង្គការដៃគូខាងលើ ការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើផងដែរ។
យ៉ាងណាក៏ដោយក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។
តាមសេចក្តីប្រកាសរបស់ក្រសួងបានបន្ថែមទៀតថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
ជាមួយគ្នានោះក្រសួងសុខាភិបាល ក៏បានបង្ហាញពីវិធានការបង្ការជំងឺនេះមួយចំនួនដែរ ដូចជា ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អជាដើម៕ អត្ថបទ ៖ បាន ចក់


