ស្វាយរៀង ៖ ភូមិចំនួន៣ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលខេត្តធ្វើការបិទខ្ទប់ផ្នែកខ្លះ នៃភូមិទាំង៣ ខណៈដែលក្រុមការងារបានចុះស្រាវជ្រាវ រកឃើញវិជ្ជមានជំងឺកូនវីដ១៩ លើពលរដ្ឋមួយចំនួននៅក្នុងភូមិទាំងនោះ។
រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសបិទខ្ទប់ភូមិចំនួន៣ រូមមាន ភូមិបឹងវែង ភូមិស្វាយជ្រំ និងភូមិស្វាយក្ងោ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ដើម្បីផ្ដល់ឱកាសឲ្យក្រុមគ្រូពេទ្យចុះស្រាវជ្រាវរកប្រភពចម្លងជំងឺ និងធ្វើអនាម័យសម្អាតបរិស្ថាន បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើបុគ្គលចំនួន២តូប ដែលមានផ្ទុក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។
តាមសេចក្តីជូនដំណឹងស្តីពីការបិទភូមិនៅក្នុងស្រុកស្វាយជ្រំ របស់រដ្ឋបាលខេត្ត ដើម្បីបញ្ចៀសជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍នោះរដ្ឋបាលខេត្ត បានធ្វើការបិទផ្នែកខ្លះនៃភូមិនីមួយៗតែប៉ុណ្ណោះ ដែលមានរយៈពេល១៤ ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ ហើយរយៈពេលនៃការបិទភូមិនេះ រដ្ឋបាលខេត្តបានធ្វើការហាមប្រាម ដល់ពលរដ្ឋនៅក្នុងនិងក្រៅតំបន់មិនឲ្យធ្វើដំណើរឆ្លងកាត់ចេញចូលភូមិ និងប្រាស្រ័យទំនាក់ទំនងគ្នាច្រើនក្នុងករណីមិនចាំបាច់។
សូមបញ្ជាក់ផងដែរថា ស្វាយរៀងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ កន្លងមករដ្ឋបាលខេត្តស្វាយរៀង បានធ្វើការបិទខ្ទប់ ផ្ទះពលរដ្ឋដែល មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២ពាន់៥៦០ខ្នង មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១០កន្លែងទីតាំងផលិត និងអាជីវកម្មចំនួន ៥៨ កន្លែង ផ្សារចំនួន៣កន្លែង វត្តចំនួន៣ ទីបញ្ជាការអធិការនគរបាលស្រុកចំនួន ៣ កន្លែង និងប៉ុស្តិ៍រដ្ឋបាលឃុំមួយកន្លែង ដើម្បីមបញ្ជៀសជំងឺឆ្លងចូលសហគមន៍ ។
លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងតាមសារតេឡេក្រាមថា នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅស្វាយរៀងមានពលរដ្ឋខ្មែរ និងជនបរទេស បានកើតជំងឺកូវីដ១៩ ចំនួនជាង២ពាន់នាក់ ក្នុងនោះស្លាប់ចំនួន១៨នាក់ ព្យាបាលឲ្យជាសះស្បើយចំនួនជាង ១ពាន់នាក់ នឹងអ្នកជំងឺកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរព្យាបាលជំងឺកូវីដ១៩មានចំនួនជាង ៦០០ នាក់ ៕

