
បេសកជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសនេះ ឱ្យត្រៀមសម្រាប់ការដាក់ពង្រាយកងកម្លាំងនគរបាលពហុជាតិសាសន៍ ដឹកនាំដោយប្រទេសកេនយ៉ា និងអនុញ្ញាតដោយអង្គការសហប្រជាជាតិ។
លោកស្រី ម៉ារីយ៉ា អ៊ីសាប៊ែល សាល់វ៉ាឌ័រ (Maria Isabel Salvador) តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសហៃទីនៅតែញាំញីដោយការកើនឡើងអំពើហិង្សា ដោយសារតែការកើនឡើងមិនធ្លាប់មានពីមុនមក ក្នុងការចាប់ជំរិត ការចាប់រំលោភ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលប្រព្រឹត្តដោយក្រុមជនអន្ធពាលប្រដាប់អាវុធ ធ្វើឲ្យប៉ះពាល់ខ្លាំងឡើងដល់ជីវិតរស់នៅរបស់ប្រជាជន និងធ្វើឱ្យប៉ះពាល់ដល់សកម្មភាពមនុស្សធម៌ប្រទេសហៃទី។ លោកស្រី បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងសន្និសីទសារព័ត៌មានថា លោកស្រីមិនអាចបញ្ជាក់លើសពីនេះ លើភាពធ្ងន់ធ្ងរនៃស្ថានភាពនៅក្នុងប្រទេសហៃទី ជាកន្លែងដែលវិបត្តិបានអូសបន្លាយដែលបានឈានដល់ចំណុចធ្ងន់ធ្ងរ។ លោកស្រី និយាយថា នៅខាងត្បូងរដ្ឋធានី ក្រុមជនអន្ធពាល បានធ្វើការវាយប្រហារទ្រង់ទ្រាយធំដើម្បីគ្រប់គ្រងតំបន់សំខាន់ៗ និងបន្តអំពើហិង្សាផ្លូវភេទជាប្រព័ន្ធ នៅក្នុងតំបន់គ្រប់គ្រងរបស់ពួកគេ។ លោកស្រី បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់នៅហៃទី រៀបចំឱ្យមានប្រសិទ្ធភាពសម្រាប់ការដាក់ពង្រាយកងកម្លាំងនគរបាលពហុជាតិសាសន៍ និងដើម្បីបង្កើតយន្តការសម្របសម្រួលចាំបាច់សម្រាប់ភាពជោគជ័យរបស់ខ្លួន។ លោកស្រី បានស្នើឱ្យប្រទេសសមាជិកអង្គការសហប្រជាជាតិ ចូលរួមវិភាគទានដោយសប្បុរសដើម្បីធានាដល់ការដាក់ពង្រាយកម្លាំងនគរបាល ឱ្យទាន់ពេលវេលាក្នុងប្រទេសហៃទី។ ការគាំទ្រជាបន្តបន្ទាប់ដល់នគរបាលជាតិហៃទី ការដាក់ពង្រាយកម្លាំងពហុជាតិឲ្យបានឆាប់រហ័ស ការដាក់ទណ្ឌកម្មដោយប្រសិទ្ធភាព និងដំណើរការនយោបាយប្រកបដោយនិរន្តរភាព គឺជាធាតុផ្សំជាមូលដ្ឋានដើម្បីស្ដារសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសហៃទី។