
លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ត្រូវបានទទួលការទទួលស្វាគមន៍លើកម្រាលព្រំក្រហម នៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងក្បួនដង្ហែរបស់សត្វដំរី ខណៈដែលប្រទេសបារាំង សម្លឹងមើលទៅរកប្រាក់ចំណេញជាមួយនឹងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៥ របស់ពិភពលោក។
លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ( Narendra Modi) ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំពិធីជប់លៀងទទួល លោកម៉ាក្រុង នៅក្នុងវិមានរបស់មហារ៉ាចាសតវត្សរ៍ទី១៩ នៅល្ងាចថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសុក្រនេះ លោកនឹងក្លាយជាភ្ញៀវសំខាន់នៅឯការហែក្បួនយោធាចម្រុះពណ៌ជាមួយនឹងជួររថក្រោះ ទ័ពសេះអូដ្ឋ និងបង្ហាញក្បូនយន្តហោះចម្បាំង។
ក្រសួងការបរទេសឥណ្ឌានិយាយថា ទីក្រុងញូវដែលី និងទីក្រុងប៉ារីស គឺជា «ដៃគូយុទ្ធសាស្ត្រ» ខណៈដែលលោកប្រធានាធិបតីបារាំងថ្លែងថា ដំណើរទស្សនកិច្ចនេះ នឹង «ពង្រឹងនិងធ្វើឲ្យទំនាក់ទំនងការទូត និងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅ។
ក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យលោកខាងលិច មានការព្រួយបារម្ភអំពីសិទ្ធិមនុស្ស នៅក្នុងប្រទេសឥណ្ឌា ភាពខ្វែងគំនិតរបស់ពួកគេជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងញូវដែលីជាមួយទីក្រុងមូស្គូ ដែលជាអ្នកផ្គត់ផ្គង់យោធាដ៏សំខាន់របស់ខ្លួន។ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុប កំពុងបញ្ចុះបញ្ចូលឥណ្ឌាធ្វើយ៉ាងណាឲ្យមានតុល្យភាពផ្នែកយោធា និងសេដ្ឋកិច្ចចំពោះប្រទេសចិន។
ប្រទេសបារាំងសង្ឃឹមថា នឹងបង្កើតកិច្ចសន្យាយោធារបស់ខ្លួន បន្ទាប់ពីក្រសួងការពារជាតិឥណ្ឌា បានទិញយន្តហោះចម្បាំង Rafale ដែលផលិតដោយបារាំង និងនាវាមុជទឹក Scorpene-class ក្នុងកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ។