
ប្រទេសឥណ្ឌាបានច្រានចោលការចោទប្រកាន់របស់ប៉ាគីស្ថានដែលថា ភ្នាក់ងាររបស់ខ្លួនបានសម្លាប់ពលរដ្ឋប៉ាគីស្ថាន ២នាក់ នៅលើដែនដីរបស់ខ្លួន ក្នុងឆ្នាំ២០២៣ ដោយហៅការចោទនោះថា ជា «រឿងមិនពិត»។
ការអះអាងរបស់ប៉ាគីស្ថានកើតឡើងប៉ុន្មានខែបន្ទាប់ពីការចោទប្រកាន់ស្រដៀងគ្នា ត្រូវបានធ្វើឡើងដោយកាណាដា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ឃែមករា) ទីក្រុងអ៊ីស្លាម៉ាបាដបាននិយាយថា ខ្លួនមាន «ភស្តុតាងគួរឲ្យទុកចិត្ត» នៃទំនាក់ទំនង រវាងការសម្លាប់ជនរងគ្រោះទាំង២ និងភ្នាក់ងារឥណ្ឌា។ ក្រសួងការបរទេសឥណ្ឌាបានហៅការចោទប្រកាន់នេះថា ជា «ការឃោសនាប្រឆាំងឥណ្ឌាបង្កប់គំនិតទុច្ចរិត»។
ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ការស្លាប់របស់ជនទាំង២ ក្នុងប្រទេសប៉ាគីស្ថាន រួមមានការសម្លាប់ចំពោះលោក Muhammad Riaz នៅទីក្រុង Rawalakot ក្នុងខែកញ្ញា ឆ្នាំ២០២៣ និងលោក Shahid Latif នៅទីក្រុង Sialkot ក្នុងខែតុលា ឆ្នាំ២០២៣។
ក្រសួងការបរទេសមិនបានប្រាប់ឲ្យដឹងថា ជនទាំងនេះ ជានរណា ឬហេតុផលអ្វី ដែលទីក្រុងញូវដេលី ត្រូវបានចោទប្រកាន់ថា បានបញ្ជូនភ្នាក់ងារទៅធ្វើការសម្លាប់នៅក្នុងដែនដីរបស់គូប្រជែងដ៏ស្រួចស្រាល់របស់ខ្លួននេះ។ តែរដ្ឋមន្ត្រីការបរទេសលោក Muhammad Syrus Qazi បានហៅការធ្វើឃាតនេះថា «មិនអាចទទួលយកបាន» និង «រំលោភលើអធិបតេយ្យភាពរបស់ខ្លួន»។
ឥណ្ឌាមិនបាននិយាយដោយផ្ទាល់នូវការចោទប្រកាន់ជាក់លាក់ដែលលើកឡើង ដោយប៉ាគីស្ថាននោះទេ ប៉ុន្តែបានហៅវាថា ជា «ចំណុចកណ្តាលនៃអំពើភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពឆ្លងដែនខុសច្បាប់»។ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ឥណ្ឌា និងប្រទេសជាច្រើនទៀតបានព្រមានប៉ាគីស្ថានជាសាធារណៈ ដោយព្រមានថា ប្រទេសនេះនឹងវិនាសដោយសារតែវប្បធម៌ភេរវកម្ម និងអំពើហិង្សារបស់ខ្លួន»៕