
រដ្ឋអាឡាបាម៉ា (Alabama) របស់សហរដ្ឋអាមេរិក បានប្រហារជីវិតឃាតករម្នាក់ដែលត្រូវបានកាត់ទោសឈ្មោះ ខេននីត ស្មីត (Kenneth Smith) វ័យ ៥៨ឆ្នាំ ដោយធ្វើឱ្យលោកថប់ដង្ហើមដល់ស្លាប់ដោយប្រើប្រាស់ឧស្ម័នអាសូត កាលពីថ្ងៃព្រហស្បតិ៍ (២៥ មករា) ដែលជាការប្រើប្រាស់ដំបូងនៃវិធីសាស្រ្តថ្មីនៃការដាក់ទណ្ឌកម្ម ដែលរដ្ឋមួយនេះកំពុងរីកចម្រើន ជាជម្រើសដ៏សាមញ្ញជាងការចាក់ថ្នាំសម្លាប់មនុស្ស។
លោក ស្មីត ដែលត្រូវបានកាត់ទោសពីបទឃាតកម្មក្នុងឆ្នាំ១៩៨៨ គឺជាអ្នកទោសដ៏កម្រម្នាក់ដែលបានរួចជីវិតពីការប៉ុនប៉ងប្រហារជីវិតលើកទីមួយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមមន្ត្រីរដ្ឋអាឡាបាម៉ា បានធ្វើការប្រហារជីវិតរបស់លោកដោយការចាក់ថ្នាំសម្លាប់ បន្ទាប់ពីមានការលំបាកអស់ជាច្រើនម៉ោងក្នុងការបញ្ចូលម្ជុលចាក់តាមសរសៃឈាមនៅក្នុងខ្លួនរបស់លោក។
នៅក្នុងដំណើរលើកទីពីរ និងចុងក្រោយរបស់លោក ស្មីត ទៅកាន់អង្គជំនុំជម្រះប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ ពេជ្ឈឃាដបានដាក់លោកនៅក្នុងគ្រែតូចមួយ និងបានរុំរបាំងឧបករណ៍ដកដង្ហើមសុវត្ថិភាពឧស្សាហកម្មទៅនឹងមុខរបស់លោក ហើយបំពង់ឧស្ម័នអាសូតសុទ្ធមួយត្រូវបានភ្ជាប់ទៅនឹងរបាំងមុខនោះដែលបង្ហូរឧស្ម័នអាសូតចូល និងធ្វើឱ្យអ្នកទោសរូបនោះថប់ដង្ហើមដល់ស្លាប់។
ក្រុមមន្ត្រីពន្ធនាគារបាននិយាយថា ការប្រហារជីវិតនេះបានចាប់ផ្តើមនៅម៉ោង ៧:៥៣នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយលោក ស្មីត ត្រូវបានប្រកាសថាបានស្លាប់នៅម៉ោង ៨:២៥នាទីយប់ថ្ងៃដដែលនោះ៕