
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបំពេញដំណើរទស្សនកិច្ចដ៏កម្រទៅកាន់តំបន់ Kaliningrad នៅភាគខាងលិចប្រទេសរុស្ស៊ី ដែលស្ថិតនៅកណ្តាលអឺរ៉ុបរវាងប៉ូឡូញ និងលីទុយអានី ដែលជាប្រទេសសមាជិកអង្គការណាតូ ។
ដំណើរទស្សនកិច្ចដ៏គួរភ្ញាក់ផ្អើល និងពុំបានរំពឹងទុករបស់លោក Putin បានកើតមានឡើង ស្របពេលមានការព្រមានពីលោកខាងលិចពីការគំរាមកំហែងសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនេះ ។
យោងតាមការអះអាងរបស់លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងថា រុស្ស៊ីពុំបានស្នើសុំច្រករបៀងដែនអាកាសផ្ទាល់ឆ្លងកាត់ប្រទេសលីទុយអានីនោះទេ ។
លោក Peskov និយាយថា ដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់តំបន់ Kaliningrad គ្មានបំណងផ្ញើរសារទៅកាន់ប្រទេសសម្ព័ន្ធមិត្តយោធាណាតូនោះទេ ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ មាននូវជំនួបជាច្រើនលើការអភិវឌ្ឍតំបន់ ហើយនិងបានជួបជាមួយក្រុមនិស្សិតនៅសាកលវិទ្យាល័យ Kaliningrad ។
កាលពីសប្តាហ៍មុន ប្រធានយោធាអង្គការណាតូ ព្រមានថា អង់គ្លេស បានត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី ហើយពួកគេត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមធ្វើសង្រ្គាមមួយនេះ ៕