
កងទ័ព និងក្រុមឧទ្ទាម M23 បាននិយាយថា ជនស៊ីវិលប្រហែល ២០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) ដោយភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបើកការវាយប្រហារនេះ។
ការស្លាប់នេះគឺជាលទ្ធផលចុងក្រោយបង្អស់ពីការប្រយុទ្ធគ្នា រវាងកងទ័ពកុងហ្គោ និងក្រុមឧទ្ទាម M23 ដែលការវាយប្រហាររបស់ពួកគេបានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន និងធ្វើឲ្យសន្តិសុខ និងវិបត្តិមនុស្សធម៌ ក្នុងតំបន់កាន់តែអាក្រក់ទៅៗ។
ភាគីទាំង២ បានឲ្យដឹងថា ការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍នោះ បានកើតឡើងនៅទីក្រុង Mweso ក្នុងតំបន់ Masisi ចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីទីក្រុង Goma ក្នុងខេត្ត North Kivu ។ ពួកគេបានផ្ដល់នូវរបាយការណ៍ខុសគ្នាអំពីអ្វីដែលបានកើតឡើងនេះ។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមឧទ្ទាម M23 បានបាញ់គ្រាប់បែកត្បាល់ដាក់ទីក្រុង Mweso ខណៈដែលកងកម្លាំងឧទ្ទាមបានដកថយនៅចំពោះមុខប្រតិបត្តិការយោធា ដែលរុញពួកគេឲ្យត្រឡប់ថយក្រោយវិញ។
កងទ័ពបាននិយាយថា ជនស៊ីវិល ១៩នាក់ត្រូវបានសម្លាប់ និង២៧នាក់ រងរបួស ។ តែក្រុឧទ្ទាម M23 បានដាក់ចំនួនអ្នកស្លាប់មាន ២០នាក់។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់នូរបាយការណ៍របស់ពួកគេបាននោះឡើយ។
ជម្លោះដ៏រ៉ាំរ៉ៃនេះបានបង្កឲ្យមានវិបត្តិការទូត រវាងកុងហ្គោ និងប្រទេសជិតខាងរ៉្វាន់ដា ដែលទីក្រុង Kinshasa ចោទប្រកាន់ថា គាំទ្រពួកឧទ្ទាម តែរ៉្វាន់ដា បានបដិសេធការជាប់ពាក់ព័ន្ធ៕