
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមករា) បាននិយាយ ជាមួយរដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងលោកស្រី Naledi Pandor អំពីសង្គ្រាមនៅហ្កាហ្សា ពោលគឺមួយថ្ងៃមុនការសម្រេចនៅតុលាការពិភពលោកស្តីពីវិធានការបន្ទាន់ នៅក្នុងករណីដែលអ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍។
ចៅក្រមអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ (ទី២៦ ខែមករា) នឹងសម្រេចលើសំណើរបស់អាហ្វ្រិកខាងត្បូង សម្រាប់វិធានការបន្ទាន់ប្រឆាំងនឹងអ៊ីស្រាអែលដែលត្រូវបានចោទប្រកាន់នៅតុលាការយុត្តិធម៌អន្តរជាតិពីបទប្រល័យពូជសាសន៍ ដែលដឹកនាំដោយរដ្ឋសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួននៅហ្កាហ្សា។
សេចក្តីសម្រេចនៅថ្ងៃទី២៦ ខែមករានេះ នឹងមិនដោះស្រាយជាមួយនឹងការចោទប្រកាន់ស្នូលនៃករណីនេះថា តើអំពើប្រល័យពូជសាសន៍បានកើតឡើង ឬអត់នោះទេ ប៉ុន្តែនឹងផ្តោតលើអន្តរាគមន៍បន្ទាន់ដែលស្វែងរកដោយអាហ្វ្រិកខាងត្បូង។
ក្រសួងការបរទេសអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងការអំពាវនាវមួយកាលពីថ្ងៃទី២៥ ខែមករា លោក Blinken បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិក «សម្រាប់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការធានាថា ការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា នឹងមិនអាចកើតឡើងម្តងទៀតទេ»។
ក្រសួងការបរទេសបានឲ្យដឹងទៀតថា ជាមួយគ្នានេះ លោក Blinken និងលោកស្រីវេជ្ជបណ្ឌិត Pandor ក៏បានពិភាក្សាអំពីតម្រូវការ ដើម្បីការពារជីវិតជនស៊ីវិលនៅក្នុងតំបន់ហ្កាហស្សា និងធានាសន្តិភាពក្នុងតំបន់ដែល «ជំរុញដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ»។ ក្រសួងបានបន្ថែមថា អ្នកទាំង២ ក៏បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូងផងដែរ៕