
ក្រុមបុរាណវិទូនៅអៀរឡង់ខាងជើង បានរកឃើញសាកសពក្មេងប្រុសជំទង់អភិរក្សាបានយ៉ាងល្អម្នាក់ដែលមានអាយុកាល ២.៥០០ឆ្នាំ រួមមានឆ្អឹង ស្បែក និងតម្រងនោម ដែលជាការរកឃើញដ៏កម្រមួយអាចបង្ហាញពន្លឺថ្មីលើប្រវត្តិសាស្រ្តបុរាណនៅក្នុងតំបន់មួយនេះ ។
សាកសពរបស់ក្មេងប្រុសជំទង់នេះ ត្រូវបានរកឃើញក្នុងវាលដីល្បាប់ដែលអាចជួយអភិរក្សរូបធាតុសរីរាង្គ នៅភូមិ Bellaghy ស្ថិតនៅភាគកណ្តាលអៀរឡើងខាងជើង ក្រោយក្រុមនគរបាល ទទួលបានដំណឹងកាលពីខែតុលាថាមានវត្តមានឆ្អឹងមនុស្សនៅទីនោះ ។
លោកអធិការរង Nikki Deehan និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដំបូងឡើយក្រុមនគរបាលពុំទាន់ប្រាកដនោះទេថាតើសាកសពនេះ គឺជាសាកសពបុរាណ ឬជាសាកសពដែលទើបស្លាប់កាលពីពេលថ្មីៗ ប៉ុន្តែអាយុកាលជាតិវិទ្យុសកម្ម បង្ហាញថា សាកសពនេះ ស្ថិតនៅចន្លោះកាលពី ២.០០០ ឆ្នាំ និង ២.៥០០ឆ្នាំមុន ។
លោក Deehan បន្តថា នេះគឺជាលើកដំបូងហើយដែលអាយុកាលជាតិវិទ្យុសកម្ម ត្រូវបានប្រើប្រាស់លើសាកសពក្នុងវាលដីល្បាប់ នៅអៀរឡង់ខាងជើង ៕