ភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទផ្សារបឹងកេងកង ជាបណ្ដោះអាសន្ន ក្រោយពិនិត្យឃើញថា មានបងប្អូនអាជីវករក្នុងផ្សាបឹងកេងកង មានឆ្លងជំងឺកូវីដឡើងវិញ បន្ទាប់ពីបិទមួយរយះ រួចបើកដំណើរឡើងវិញនោះ។
នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានចេញសេចក្ដីជូនដំណឹង អំពាវនាវបងប្អូនដែលជាអាជីវករផ្សារ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលផ្សារបឹងកេងកង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាកតេស្តរកវីរុសកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ២០២១ ជាបន្ទាន់ព្រមទាំងអនុវត្តវិធាន ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវបំផុត។
រដ្ឋបាលខណ្ឌបឹងកេងកង សូមជម្រាបជូនដំណឹងដល់អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារបឹងកេងកងទាំងអស់ឲ្យបានជ្រាបថា ៖ អាស្រ័យស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករផ្សារបឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។
គួរបញ្ជាក់ផងដែរ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង លោក បានអញ្ជើញចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ និងទីតាំងពិនិត្យសំណាករបស់បងប្អូនអាជីវករនៅផ្សារបឹងកេងកង ដែលស្ថិតនៅវិទ្យាល័យជាស៊ីមបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង៕
អត្ថបទ ៖ កុម្ភៈ





