
កំដៅនិទាឃរដូវមិនទៀងទាត់នៅកណ្តាលរដូវរងា បានបង្កជារលកកម្តៅនៅប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យប្រជាពលរដ្ឋនៅទីក្រុង Madrid និងទីក្រុង Lisbon នាំគ្នាដោះអាវ និងអង្គុយនៅក្នុងហាងកាហ្វេកណ្តាលវាល ក្រោមកម្តៅសីតុណ្ហភាព ១៨អង្សាសេ ។
ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា សីតុណ្ហភាពកើនឡើង និងស្ថានភាពស្ងួត ហើយនិងមានខ្យល់បក់ខ្លាំងនៅតាមតំបន់ជាច្រើននៅលើពិភពលោក រួមទាំងតំបន់ភាគខាងត្បូងអឺរ៉ុប គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជាតិ AEMET បានឲ្យដឹងថា កាលពីឆ្នាំមុន គឺជាឆ្នាំក្តៅបំផុតជាប់លំដាប់ថ្នាក់ទី ២លើកំណត់ត្រានៅអេស្ប៉ាញ ពោលគឺក្តៅជាងកាលពីឆ្នាំ ២០២២ ។
លោក Adela គឺជាគ្រូបង្រៀនចូលនិវត្តន៍មួយរូបនៅទីក្រុង Madridនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្នកដែលនិយាយថា គ្មានបម្រែបម្រួលអាកាសធាតុទេនោះ ពួកគេត្រូវតែមើលថាតើអ្វីខ្លះកំពុងកើតឡើងនៅពេលនេះ ថាតើវាត្រជាក់ ឬមួយក៏ក្តៅ ។ លោកបន្តថា លោកគិតថា នេះគឺជាគ្រោះមហន្តរាយ ។
សីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២៨អង្សាសេនៅតំបន់មេឌីទែរ៉ាណេ Murcia ។
ដោយឡែក ទីក្រុង Teruel និងទីក្រុង Soria របស់អេស្ប៉ាញ ដែលតាមធម្មតាត្រជាក់អំឡុងរដូវរងានោះ សីតុណ្ហភាពនឹងកើនឡើងដល់ ២០អង្សាសេ ។
កំណត់ត្រាសីតុណ្ហភាពជាច្រើនសម្រាប់ខែមករា ត្រូវបានបំបែកកាលពីថ្ងៃពុធ ដូចជានៅទីក្រុង Morella របស់អេស្ប៉ាញ ជាកន្លែងដែលសីតុណ្ហភាពកើនឡើងដល់ ២២អង្សាសេ ៕