
នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋកូរ៉េខាងត្បូង បានបង្ហាញក្តីបារម្ភ ពេលដែលពួកគេមើលឃើញការវាយប្រហារជាលើកទី ២លើអ្នកនយោបាយក្នុងរយៈពេល ១ខែ ពេលដែលតំណាងរាស្រ្តគណបក្សកាន់អំណាចម្នាក់ ត្រូវបានយុវជនម្នាក់យកដុំថ្មសំពងក្បាលរបស់អ្នកស្រីរហូតដល់បែកឈាម បន្ទាប់ពីមេដឹកនាំក្រុមប្រឆាំងម្នាក់ ត្រូវបានគេចាក់ត្រូវចំក.របស់លោកកាលពីដើមខែមករា ។
អ្នកស្រី Bae Hyun-jin គឺជាសមាជិកគណបក្សកាន់អំណាចអំណាចប្រជាជន(PPP) បានរងការវាយប្រហារតាមផ្លូវនៅសង្កាត់ Gangnam រដ្ឋធានីសេអ៊ូល ហើយរូបភាពកាមេរ៉ាសុវត្ថិភាពផ្តល់ជូនដោយការិយាល័យអ្នកស្រី Bae ឃើញជនវាយប្រហារ ព្យាយាមសំពងក្បាលរបស់គាត់ម្តងហើយម្តងទៀត ក្រោយពេលអ្នកស្រីដួល ។
ប្រជាពលរដ្ឋជាច្រើន មានការតក់ស្លុតយ៉ាងខ្លាំងពេលមើលឃើញការវាយប្រហារនេះ ហើយពួកគេមានជំនឿថា សង្គមកូរ៉េខាងត្បូងមានការបែងចែកខ្លាំងរឿងនយោបាយ ។
លោកតា Lee Min-woo វ័យ ៨០ឆ្នាំ និយាយថា មាននូវការស្អប់ខ្ពើម និងភាពខឹងសម្បារច្រើននៅក្នុងសង្គមរបស់ពួកយើងសព្វថ្ងៃ ។ ពួកយើងមានការបែងចែកច្រើននៅក្នុងចំណោមក្រុមស្តាំនិយម និងក្រុមឆ្វេងនិយម ។
លោកបន្តថា ពួកយើងបានមើលឃើញក្រុមអ្នកគាំទ្រលោក Biden និងក្រុមអ្នកគាំទ្រលោក Trumpវាយប្រហារគ្នាទៅវិញទៅមកនៅសហរដ្ឋអាមេរិក ប៉ុន្តែពួកយើងអាក្រក់ជាងពួកគេទៅទៀត ។
ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថា ជនវាយប្រហារអ្នកស្រី Bae ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយពួកគេនិយាយប្រាប់នគរបាលថា យុវជនម្នាក់នោះ មានអាយុ ១៥ឆ្នាំ ៕