
ក្រុមហ៊ុនរ៉ែ Vale និង BHP និងក្រុមហ៊ុនចម្រុះ Samarco របស់ពួកគេ នឹងត្រូវបង់ប្រាក់ ៩,៧ពាន់លានដុល្លារ ជាសំណងខូចខាតសម្រាប់ការបាក់ទំនប់ទឹកឆ្នាំ ២០១៥ ដែលបណ្តាលឲ្យមានបំណាក់ដីសម្លាប់មនុស្សនៅតំបន់ភាគអាគ្នេយ៍ ប្រទេសប្រេស៊ីល ។
ចៅក្រមសហភព័ន្ធ បានចេញបទបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ សរសេរនៅក្នុងការសម្រេចចិត្តច្បាប់មួយដែលត្រូវបានមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រាក់ទាំងនេះ នឹងដាក់ចូលមូលនិធិរដ្ឋ ហើយនិងប្រើប្រាស់ក្នុងគម្រោងនៅតំបន់រងផលប៉ះពាល់ដោយសារការបាក់ទំនប់ ។
ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នោះទេថាតើប្រាក់ប៉ុន្មានដែលក្រុមហ៊ុននិមួយៗត្រូវជំពាក់ ។
ក្រុមហ៊ុនរ៉ែ Vale និង BHPនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា ពួកគេមិនត្រូវបានជូនដំណឹងនោះទេដោយតុលាការពីការសម្រេចមួយនេះ ខណៈដែលក្រុមហ៊ុន Samarco បដិសេធន៍ពុំព្រមផ្តល់សេចក្តីអធិប្បាយណាមួយជុំវិញការសម្រេចរបស់ចៅក្រមសហព័ន្ធ ។
សូមបញ្ជាក់ថា ការបាក់ទំនប់ទឹកដែលស្តុកកាកសំណល់រ៉ែ បណ្តាលឲ្យមានបំណាក់ដីទ្រង់ទ្រាយធំនៅទីក្រុងភាគអាគ្នេយ៍ Mariana កាលពីខែវិច្ឆិកាឆ្នាំ ២០១៥ ។
ហេតុការណ៍បាក់ទំនប់ទឹកនេះ បានសម្លាប់មនុស្ស ១៩នាក់ និងបានធ្វើឲ្យទឹកកខ្វក់យ៉ាងធ្ងន់ធ្ងរនៅក្នុងទន្លេ Rio Doce ដែលហូរចូលមហាសមុទ្រអាត្លង់ទិក ៕