
ប្រធានាធិបតីឡាតវី អែដហ្គា រីនកេវីក (Edgars Rinkevics) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ ខែមករាថា លោកនឹងគាំទ្រការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរុស្ស៊ី«ទាំងសម្រាប់ហេតុផលនយោបាយ និងសេដ្ឋកិច្ច» ។
ផលិតផលកសិកម្មរុស្សី មិនត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបទេ មួយផ្នែកដោយសារតែប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប បានផ្ទេរគ្រាប់ធញ្ញជាតិទៅកាន់ផ្នែកផ្សេងទៀតនៃពិភពលោក ហើយសហភាពអឺរ៉ុបបារម្ភថា ការហាមឃាត់ នឹងធ្វើឲ្យប្រទេសក្រីក្រកាន់តែពិបាកទទួលបានស្ងៀងអាហារ។
លោករីនកេវីក បានអះអាងថា ការនាំចូលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីជួយដល់សេដ្ឋកិច្ចរុស្ស៊ីនិងកងទ័ពរបស់ខ្លួន ហើយក៏អាចប៉ះពាល់ដល់ជីវភាពរបស់កសិករឡាតវីផងដែរ។
លោកបានថ្លែងថា លើសពីនេះទៅទៀត អ្វីដែលត្រូវបានគេដាក់ស្លាកថា ជាគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី តាមពិតអាចជាគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលត្រូវបានលួចពីទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។
យោងតាមលោករីកកេវីក បានឲ្យដឹងថា ទិន្នន័យអំពីបរិមាណគ្រាប់ធញ្ញជាតិរុស្ស៊ីដែលមកដល់ប្រទេសបាល់ទិក ឡាតវី លីទុយអានី និងអេស្តូនី បច្ចុប្បន្ន កំពុងត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់។ ទំហំពាណិជ្ជកម្មពិបាកនឹងបញ្ជាក់ ដោយសារផ្នែកខ្លះនៃគ្រាប់ធញ្ញជាតិ បានឆ្លងកាត់ទៅកាន់ប្រទេស ដែលមិនមែនជាសហភាពអឺរ៉ុប។