
ទីក្រុងជាច្រើននៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានគ្របដណ្តប់ដោយស្រទាប់អ័ព្ទយ៉ាងក្រាស់ ធ្វើឲ្យធ្លាក់ចុះរយៈចម្ងាយមើលឃើញ ហើយអាកាសធាតុត្រជាក់ បានធ្វើឲ្យប្រជាពលដ្ឋស្ពឹកស្រពន់ខ្លួនប្រាណនាថ្ងៃសុក្រនេះ ។
ប្រជាពលរដ្ឋត្រូវបានមើលឃើញស្លៀកពាក់សម្លៀកបំពាក់ក្រាស់ៗច្រើនជាន់ ជួបជុំគ្នានៅជុំវិញបំពួកភ្លើង និងចាត់វិធានការជាច្រើនទៀត ដើម្បីធ្វើឲ្យពួកគេកក់ក្តៅ ដោយសារតែស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង ។
បន្ថែមពីលើនេះទៀត ពួកគេនាំគ្នាត្អូញត្អែពីរយៈចម្ងាយមើលឃើញទាប ដោយសារតែការចុះអ័ព្ទខ្លាំង ធ្វើឲ្យការបើកបររបស់ពួកគេជួបការលំបាក និងគ្រោះថ្នាក់ខ្លាំង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកគោរពបូជាព្រះរាមនៅទីក្រុងអាយុធ្យា ពុំបានរារែកចិត្តនោះឡើយដោយសារតែស្ថានភាពអាកាសធាតុបែបនេះ ដោយពួកគេ មិនបានឈប់ធ្វើដំណើរទៅកាន់ប្រាសាទនោះឡើយ ក្រោយពិធីសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ប្រាសាទមួយនេះ ។
ក្រសួងឧតុនិយមឥណ្ឌា បានព្យាករណ៍ថា ការចុះអ័ព្ទយ៉ាងក្រាស់ នឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទៀត ក្នុងនោះសីតុណ្ហភាពអាចនឹងធ្លាក់ចុះទាបបំផុតចន្លោះពី ៣អង្សាសេ និង ៥អង្សាសេ តាមតំបន់មួយចំនួននៅភាគខាងជើងប្រទេសឥណ្ឌា ៕