
តុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) នៅថ្ងៃសុក្រ (ទី២៦ ខែមករា) នេះ បានបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការទាំងអស់ នៅក្នុងអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឲ្យកើតអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា ជាសេចក្តីសម្រេចដែលត្រូវបានរំពឹងទុកខ្ពស់ បន្ទាប់ពីអាហ្វ្រិកខាងត្បូងបានចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ដែលដឹកនាំដោយរដ្ឋនៅក្នុងដែនដី។
ជាមួយនឹងសេចក្ដីប្រកាសកំពុងត្រូវបានអានបន្ត តុលាការបានលើកឡើងថា អ៊ីស្រាអែលត្រូវតែធានាថា កងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការនាន ដើម្បីធ្វើឲ្យស្ថានភាពមនុស្សធម៌ប្រសើរឡើង។ អ៊ីស្រាអែលត្រូវរាយការណ៍ទៅតុលាការរយៈពេល១ខែពីអ្វីដែលខ្លួនកំពុងធ្វើ ដើម្បីតម្កល់ដីកា។
ប្រធានចៅក្រមលោកស្រី Joan Donoghue បានប្រាប់បណ្ដាអ្នកតំណាងនៅទីក្រុងឡាអេ ប្រទេសហូឡង់ថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ទាំងតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បានធ្វើឲ្យតំបន់ហ្កាហ្សា «ក្លាយជាកន្លែងមរណៈ និងអស់សង្ឃឹម»។
លោកស្រីបានបន្ថែមថា តុលាការបានដឹងយ៉ាងច្បាស់អំពីវិសាលភាពនៃសោកនាដកម្មរបស់មនុស្សដែលកំពុងកើតឡើង នៅក្នុងតំបន់នេះ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តបាត់បង់ជីវិត និងការឈឺចាប់របស់មនុស្ស។ ហើយលោកស្រីបានបញ្ជាក់ថា តុលាការពិភពលោកនឹងមិនបោះបង់សំណុំរឿងប្រល័យពូជសាសន៍ដូចដែលអ៊ីស្រាអែលបានស្នើនោះទេ។
សូមបញ្ជាក់ថា អាហ្រ្វិកខាងត្បូងបានលើកយកករណីនេះមកកាលពី ២សប្តាហ៍មុន ដោយចោទប្រកាន់ថា ការវាយលុកតាមអាកាស និងផ្លូវគោករបស់អ៊ីស្រាអែល មានគោលបំណង «បំផ្លាញប្រជាជន» នៃតំបន់ហ្គាហ្សា។ ជាការឆ្លើយតប អ៊ីស្រាអែលបានស្នើទៅ ICJ ឬដែលហៅថា តុលាការពិភពលោក ឲ្យបដិសេធករណីនេះទាំងស្រុង ដោយនិយាយថា ខ្លួនមានសិទ្ធិការពារខ្លួន និងកំពុងកំណត់គោលដៅលើក្រុមយុទ្ធជនហាម៉ាស់ មិនមែនជនស៊ីវិលប៉ាឡេស្ទីននោះទេ។
សេចក្តីសម្រេចនេះមិនបានដោះស្រាយជាមួយការចោទប្រកាន់ស្នូលនៃករណីនេះថា តើអំពើប្រល័យពូជសាសន៍បានកើតឡើង ឬអត់នោះទេ ប៉ុន្តែផ្តោតលើការអន្តរាគមន៍បន្ទាន់ដែលស្វែងរកដោយអាហ្វ្រិកខាងត្បូង។ សេចក្តីសម្រេចរបស់ ICJ តម្រូវឲ្យគោរពតាម និងមិនអាចប្តឹងឧទ្ធរណ៍បានឡើយ បើទោះបីជាតុលាការមិនមានអំណាចឲ្យប្រតិបត្តិតាមក៏ដោយ៕

